ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃ គ.ជ.ប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តច័ន្ទបុរីវង្ស

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងលោកស្រី ឱម សារី ប្រាជ្ញចន្ទ បានដឹកនាំមន្រ្តីរាជការ គ.ជ.ប ចូលរួមក្នុងពិធីរាប់បាត្រកាន់បិណ្ឌវេនទី៤ នៅវត្តច័ន្ទបុរីវង្ស ហៅវត្តសំរោងខាងជើង ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនេះដែរ លោក ប្រាជ្ញ ចន្ទ និងលោកស្រី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

លោក ប្រាជ្ញ ចន្ទ បានបន្ដថា វេនបិណ្ឌទី៤ និងមានប្រារព្ធនូវបទនមស្ការ សមាទានសីល រាបបាត្រដល់ព្រះសង្ឃចំនួន១៥៦អង្គ និងវេរភត្តាហារជាកិច្ចឆ្លងបិណ្ឌ។ បន្ថែបពីនេះ ថ្នាក់ដឹកនាំ និងក្រុមការងារ គ.ជ.ប គ្រប់គ្នាបានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយ នឹងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិនេះ។

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

យោងតាមឯកសារកត់ត្រា ពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឲ្យមាតាបិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព។

ម្យ៉ាងទៀត ប្រជាពលរដ្ឋខ្មែរ មានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ ក្នុងថ្ងៃកាន់បិណ្ឌ៕

To Top