ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ស្នើសភា តំណាងប្រជាជនចិន ខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគ មកបណ្តាក់ទុន នៅកម្ពុជា

ភ្នំពេញ ៖ សម្តេច​ ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើស្ថាប័នសភាខេត្តខ្វាងតុង ប្រទេសចិន ជំរុញការធ្វើពាណិជ្ជកម្ម និងកៀរគរអ្នកវិនិយោគ មកបណ្តាក់ទុន នៅកម្ពុជាបន្ថែមទៀត។

ឆ្លៀតពេលក្នុងការផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង នៅអាកាសអន្តរជាតិទីក្រុងខ្វាងចូវ ខេត្តក្វាងតុង សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារ ជាមួយ លោក Chen Jiaquan អនុប្រធាន គណៈកម្មការកិច្ចការ បរទេសសហប្រតិបត្តិការ អន្តរជាតិ នៃសភាតំណាងប្រជាជនចិន ខេត្តខ្វាងតុង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ។

នៅក្នុងឱកាសនោះ សម្តេច បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ។ សម្តេច ប្រធានរដ្ឋសភា និងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា «មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម»។

លោក Chen Jiaquan គូសបញ្ជាក់ពីសក្តានុពលខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបសម្តេច ប្រធានរដ្ឋសភា និងគណៈប្រតិភូថា ខេត្តខ្វាងតុង ជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម ។ រដ្ឋាភិបាលបានបង្កើត តំបន់សេដ្ឋកិច្ចពិសេសធំ ជាងគេរបស់ចិន នៅខេត្តខ្វាងតុងឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង ។
សម្តេច ឃួន សុដារី បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការភ្ជាប់ទំនាក់ទំទងសភាកម្ពុជានិងសភាប្រជាជនខេត្តខ្វាងតុង។ រដ្ឋសភាកម្ពុជា ត្រៀមស្វាគមន៍ ដោយក្តីរីករាយ ចំពោះវត្តមានសភា ប្រជាជនខេត្តខ្វាងតុង នៅកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខនេះ៕

To Top