ស្វាយរៀង ៖ លោកផាន់ ចន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងលោកចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំបើកសិក្ខាសាលា ស្ដីពីការលើកកម្ពស់សុខដុមនីយកម្ម សាសនាក្នុងសង្គម ក្រោមជំនួយ ឧបត្ថម្ភមូលនិធីពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ។
សិក្ខាសាលានេះ មានការចូលរួមពីលោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត ,ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិតិ្តយស ព្រះបាឡាត់គណខេត្ត និងជាព្រះអនុគណស្រុករមាសហែក, លោកអនុរដ្ឋលេខាធិការក្រសួងធម្មការ, លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះសង្ឃ លោកគ្រូអាចារ្យ គ្រូគង្វាល ថ្នាក់ដឹកនាំគ្រឹះសាសនា សាសនាមហាយាន និងគ្រប់សាសនា មន្ត្រីរាជការនៃមន្ទីរធម្មការ សាសនា ជាច្រើននាក់ផងដែរ។
លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បានឲ្យដឹងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាសាសនាធំជាងគេ ហើយទទួលបានការ ជួយជ្រោមជ្រែងពីរដ្ឋ ព្រមទាំងមានអ្នកនិយមជឿរហូតដល់៩៩.៧០% នៃប្រជាជនសរុបទូទាំង ខេត្តមានវត្តសរុបចំនួន២៤៦វត្ត (វត្តធម្មយុត្ត១វត្ត)មានព្រះសង្ឃសរុបចំនួន២.៣៩៨ អង្គ (ព្រះសង្ឃគណៈធម្មយុត្ត៤អង្គ) មានអាចារ្យវត្តចំនួន១.១១៩នាក់ និងគណៈកម្មការវត្តចំនួន ៤.២១៤នាក់។
លោកបានបន្តថា ពាហិរសាសនាក្នុងខេត្តស្វាយរៀង មានចំនួន៤រួមមាន៖ទី១.គ្រិស្តសាសនា មានពីរនិកាយគឺ និកាយកាតូលិក និង និកាយប្រូតេស្តង់ មានវិហារ៧កន្លែង និងស្នាក់ការថ្វាយបង្គំចំនួន៤៧កន្លែង និងមានសាសនិក ១.៨០១នាក់ ស្មើនឹង០.២៦% នៃប្រជាជនសរុបទូទាំងខេត្ត ។ ទី២.ព្រះពុទ្ធសាសនាមហាយាន មានវិហារ៣កន្លែង និងមានសាសនិក១៣០នាក់ ស្មើនឹង០.០២% នៃប្រជាជនសរុបទូទាំងខេត្ត។ទី៣.ឥស្លាមសាសនា មានតែមួយនិកាយ គឺនិកាយសាហ្វាម៉ី មានស៊ូរ៉ាវ១កន្លែង មានសាសនិក ចំនួន១០៧នាក់ ស្មើនឹង០.០១៥% នៃប្រជាជនសរុប ទូទាំងខេត្ត ។ ទី៤.សហគមន៍បាហៃ មានវិហារ១កន្លែង និង មានសាសនិក៣២នាក់ ស្មើនឹង ០.០០១% នៃប្រជាជនសរុបទូទាំងខេត្ត។
លោកបន្ថែមថា ការងារពុទ្ធិក និងបណ្ណាល័យ ១-សាលាធម្មវិន័យមានចំនួន ២៩ កន្លែង ស្មើនឹង ៣៧ បន្ទប់មាន សមណសិស្ស សរុប៤៣៥អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០០រូប កិច្ចសន្យា០០រូប និងគ្រូស្ម័គ្រចិត្ត២៩ រូប។សាលាពុទ្ធិកបឋមសិក្សាមានចំនួន ២៩ កន្លែង ស្មើនឹង៥១ បន្ទប់ មានសមណ សិស្សសរុប ១.០២៤ អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០៦រូប និងកិច្ចសន្យា៥៣ រូប។សាលាពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួន ០១ កន្លែង ស្មើនឹង ០៤ បន្ទប់មាន សមណសិស្សសរុប២១០អង្គ/នាក់ ក្នុងនោះគ្រូក្របខណ្ឌចំនួន០៧រូប កិច្ចសន្យា០៧រូប និងគ្រូជួល០២រូប។
បន្ថែមលើសពីនេះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា តាមរយៈមូលដ្ឋានគ្រឹះនៃសន្តិភាព នេះ និងការខិតខំប្រឹងប្រែងអនុវត្តការងារ យ៉ាងសកម្ម ដោយផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយគ្រប់ ដំណាក់កាលក៍ដូចជាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍខេត្ត កម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំ រដ្ឋបាលខេត្ត ដោយមានការចូលរួម និងគាំទ្រពីក្រសួង-ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ សប្បុរសជន ការចូលរួមសហការ ពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត បានធ្វើឲ្យដំណើរ អភិវឌ្ឍន៍នៅក្នុងខេត្ត ទទួលបានលទ្ធផលល្អប្រសើរ គួរកត់សម្គាល់ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលរាប់ទាំងវិស័យធម្មការ និងសាសនានេះផងដែរ ។
លោកផាន់ ចន្ទតារា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងថា សិក្ខាសាលានៅថ្ងៃនេះ ក្រោមប្រធានបទ “ការលើកកម្ពស់សុខដុមនីយកម្មសាសនាក្នុងសង្គម” ពិតជាប្រធានបទមួយដ៏សំខាន់សម្រាប់សង្គមនាពេលបច្ចុប្បន្ន ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ព្រោះថា ទោះបីសាសនាជាប្រភពផ្តល់គុណតម្លៃដល់សង្គម អប់រំមនុស្សឱ្យមានមេត្តា ករុណានិងភាពជាបងប្អូនសាកល ប៉ុន្តែ អ្នកមានជំនឿសាសនាផ្សេងគ្នា ក៏មានគុណតម្លៃ ផ្នត់គំនិត និងទស្សនផ្សេងគ្នា ដែលទាមទារឱ្យមាន ការយល់ដឹងពីគ្នាទៅវិញ ទៅមក ដើម្បីលើកកម្ពស់ការយោគយល់ ការអត់ឱននិងការរស់នៅ ក្នុងសង្គមជាមួយ គ្នាប្រកបដោយសុខដុមរមនា ។
លោកបានបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ ក៏ដូចក្នុងនាមអ្នកប្រតិបត្តិជំនឿសាសនា គួរមានមោទនភាព ចំពោះ សុខដុមនីយកម្មសាសនានៅកម្ពុជា និងត្រូវបន្តថែរក្សានូវបរិយាកាស នៃសុខដុមនីយកម្មសាសនាឱ្យបាន គង់វង្សជានិរន្តរ៍ និងយកគុណតម្លៃសាសនាអប់រំ ដល់ប្រជាជនឱ្យកាន់ តែមានស្មារតីចាស់ទុំ ចូលរួមថែរក្សា សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិក្ខាសាលាយើងថ្ងៃនេះ ជាផ្តល់ជាវិភាគទានថ្មីទៀតចំពោះបុព្វ ហេតុនៃការថែរក្សានិងលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជា កដូចជារួមចំណែកថែរក្សាសន្តិភាព ក្នុងប្រទេស តំបន់ និងពិភពលោកទាំងមូល ៕