ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើសុំដល់ក្រុមហ៊ុន ផលិតរថយន្ត GEELY COMMERCIAL VEHICLES ពិនិត្យលទ្ធភាព វិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា ។
នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តបតាមអញ្ជើញ របស់រោងចក្រ ផលិតរថយន្ត GEELY COMMERCIAL VEHICLES ដែលមានមូលដ្ឋាន នៅទីក្រុងហៃគូ (Haikou) ខេត្តហៃណាន (Hainan) សាធារណៈរដ្ឋប្រជាមាណិតចិន, បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម និងសហការី បានអញ្ជើញចូលជួប ពិភាក្សាការងារ, ស្តាប់បទបង្ហាញ និងចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម ដំឡើងរថយន្តអគ្គិសនី នៅរោងចក្រផលិតរថយន្ត GEELY ។
តាមការអោយដឹងពីតំណាងខាងរោងចក្រ, បច្ចុប្បន្ន រោងចក្របានផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ ក្នុងនោះរួមមាន រថយន្តលក្ខណៈគ្រួសារ, មានរថយន្តក្រឡុកស៊ីម៉ង់, ឡានពេទ្យ, រថយន្តដឹកកុងទីន័រ ,រថយន្តដឹកទំនិញ ជាដើម។ល។
បន្ថែមពីនេះ, ការដំឡើង និងផលិតរថយន្តអគ្គសនី គឺត្រូវ បានផលិតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Hybrid (សាំង+អាគុយអគ្គិសនី), (មេតាណុល+អាគុយអគ្គិសនី) ដែលមានលក្ខណៈទំនើប, និងសន្សំសំចៃខ្ពស់។
លោកបណ្ឌិត កៅ ថាច មានការចាប់អារម្មណ៍ និងធ្វើការកោតសរសើរចំពោះបច្ចេកវិទ្យាផលិត និងការដំឡើងរថយន្តអគ្គិសនីគ្រប់ខ្នាត គ្រប់ប្រភេទរបស់រោងចក្រ។
ជាមួយគ្នានេះ ដើម្បីចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនកសិផលក្នុងវិស័យកសិកម្ម, លោកបណ្ឌិត បានធ្វើការស្នើសុំដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព និង/ឬ ធ្វើកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ទៅធ្វើការវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទិក (logistic) នៅកម្ពុជា ផងដែរ ៕