ព័ត៌មានជាតិ

លោក ឃួង ស្រេង អំពាវនាវ ឱ្យពលរដ្ឋ ជឿជាក់លើរាជរដ្ឋាភិបាល

រូបភាព ម៉ៅ ដារ៉ាត់

មណ្ឌលគីរី ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន នៃខេត្តទាំង៤ និងតំបន់ផ្សេងទៀត នឹងទទួលបានការអភិវឌ្ឍរីកចំរើនដូចគ្នា ខណៈទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ។

ការលើកឡើងបែបនេះ របស់លោកអភិបាលរាជធានីភ្នំពេញធ្វើឡើង ក្នុងឱកាសដឹកនាំមន្ត្រីរាជការ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ចុះធ្វើទស្សនកិច្ច នៅបង្គោលព្រំដែនលេខ៦៥ ឡាប៉ាខេ(កម្ពុជា-វៀតណាម) ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នាថ្ងៃថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

លោក ឃួង ស្រេង បានលើកឡើងថា លោកដឹកនាំមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ចុះមកពិនិត្យមើលបង្គោលព្រុំដែន លេខ៦៥ ឡាប៉ាខេនេះ គឺក្នុងគោលបំណង ដើម្បីអោយមន្ត្រីទាំងអស់ បានឃើញពីស្ថានភាពព្រំដែន ពិតប្រាកដ គឺមិនមានការរំកិល ឬរំលោភយកដី ដូចការញ៉ុះញ៉ុង ពីក្រុមជ្រុលនិយមឡើយ និងដើម្បីអោយអ្នកដែលឃើញ យកទៅផ្សព្វផ្សាយបន្តគ្នា ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ថាព្រំដែនកម្ពុជា ត្រូវបានថែទាំយ៉ាងគត់មត់ បូរណៈភាពទឹកដី ត្រូវបានរក្សាបានយ៉ាងល្អប្រសើរ ។

លោក ឃួង ស្រេង មានប្រសាសន៍ថា “សូមផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ និយាយដោយឡែក ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ តែបើនិយាយជារួម សូមអោយប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿជឿជាក់លើការដឹកនាំ របស់សម្ដេចធិបតី ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រី គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជានីតិការទី៧ នៃរដ្ឋសភា ដែលបន្តដឹកនាំដោយសម្ដេចធិបតី បានថែទាំយ៉ាងគត់មត់ នៅទឹកដី និងបូរណាភាពទឹកដី ដោយចាប់ពីថ្ងៃរំដោះ ៧មករា រហូតដល់បច្ចុប្បន្ននេះ ទឹកដីកម្ពុជា មិនទាន់បាត់មួយមីលីម៉ែត្រណាឡើយ”

លោកបានបន្តថា “សម្តេចទាំងទ្វេ បានដកអាវុធចេញពីសត្រូវ ធ្វើកិច្ចការងារដោយជំហ៊ានបោះទៅមុខ ក្នុងការអភិវឌ្ឍ ជូនជាតិមាតុភូមិ មិនទុកឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ណាមួយ ដាច់ឯកកោដោយមិនមានការអភិវឌ្ឍនោះទេ សុំមានការជឿជាក់ និងខិតខំប្រឹងប្រែងទាំងអស់គ្នា”

ក្នុងនោះ លោកចង់អោយ ប្រជាពលរដ្ឋទាំងអស់ រួមចិត្តតែមួយ ការពារឱ្យខានតែបាននូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ។

លោក ឃួង ស្រេង ក៏បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយ រក្សាសន្តិភាពអោយបានគង់វង្ស ដើម្បីអោយកម្ពុជា ឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top