ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤ នៅរាជបណ្ឌិត្យភាកម្ពុជា បានរៀបចំកិច្ចសន្ទនា រវាងយុវជន នៃឆ្នាំផ្លាស់ប្ដូរ រវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះ លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា យុវជន គឺជាសសរទ្រូង ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញ នាវាកម្ពុជា-ចិន ឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀន ទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរ ឱ្យបានស៊ីជម្រៅ ដើម្បីបង្កើនចំណងមិត្តភាព កម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមក នូវផលប្រយោជន៍ សម្រាប់ប្រទេសយើងទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នា ឱ្យបានទូលំទូលាយ ។ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជា យើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ ហើយមិត្តចិនមិនមកណែនាំយើងថាធ្វើយ៉ាងម៉ិចទេ! ចិនបានស្វែងយល់ពីយើង ហើយជួយគ្នា ។ ខ្ញុំសង្ឃឹមថា យុវជនជាអ្នកបន្តវេន នឹងបន្តថែរក្សា ពង្រឹងពង្រីក នូវទំនាក់ទំនងប្រទេស យើងទាំងពីរ ដូចអ្វីដែលសម្តេចតា និងសម្តេចតេជោចាប់ផ្តើម ហើយដូចអ្វី ដែលសម្តេចធិបតីកំពុងតែអនុវត្តន៍ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា ចិននេះឱ្យបានគង់វង្ស»។
យុវជនកម្ពុជាចំនួន៣រូប ដែលបានចូលរួមកម្មវិធីនេះ គឺកញ្ញា ធូន ស្រីពៅ កញ្ញា ជាម ហ្គិចឈុង និងកញ្ញាយូ គឹមសេងបានវាយតម្លៃខ្ពស់ហើយចាត់ទុកថា មានប្រយោជន៍ជាច្រើន ដូចជាការទទួលបានចំណេះដឹង ស្តីពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ។
«ពេលខ្ញុំបានស្តាប់វាគ្មិន ធ្វើឱ្យខ្ញុំមានការអភិវឌ្ឍខ្លួនឯង បណ្តុះគំនិតជួយរួបរួមប្រទេសយើង ឱ្យកាន់តែមានភាព រីកចម្រើនថែមទៀត។ ខ្ញុំពិតជាសប្បាយរីករាយមែនទែន យើងបានដឹង កាន់តែស៊ីជម្រៅ ពីទំនាក់ទំនងរវាងកម្ពុជា-ចិន ។ ខ្ញុំដឹងជាយុវជនត្រូវត្រៀមខ្លួនបែបណា? ដើម្បីធ្វើឱ្យចំណងមិត្តភាពប្រទេសយើងទាំងពីរ ហ្នឹងបានរឹងមាំស្ថិតស្ថេរ។ ចំពោះកម្មវិធីថ្ងៃហ្នឹង ពិតជាមានអត្ថប្រយោជន៍មែនទែន ជាពិសេសសម្រាប់សិស្សនិស្សិត »។
សូមបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ត្រូវបានត្រួសត្រាយ ដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាង យកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ ។ បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ច សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយគ្នា លើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការ ក្នុងតំបន់និងអន្តរជាតិជាដើម ៕