ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលក្នុងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_09-30-08-1024x474.jpg)
ការលើកឡើងរបស់លោក រដ្ឋមន្ត្រី ហួត ហាក់ ក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយ មន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_09-30-09-1024x550.jpg)
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ក្នុងនាមយើងម្នាក់ៗជា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia)»។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_09-30-11-1024x584.jpg)
លោករដ្ឋមន្ដ្រី បន្ដថា អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវបុរេសកម្ម, សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អ ក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-24_09-30-12-1024x480.jpg)
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោកដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)