ព័ត៌មានជាតិ

ព្រះមហាក្សត្រ សព្វព្រះហឫទ័យចំពោះ វិមានរដ្ឋធម្មនុញ្ញ ដែលជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះហឫទ័យរំភើបជាអនេក នៅពេលបានឃើញ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបនា រួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យកម្ម ដ៏ល្អវិចិត្រ។

ក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះមហាក្សត្រ មានព្រះបន្ទូលបញ្ជាក់ថា អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានអត្ថិភាព និងស្ថិរភាព ជាងបីទសវត្សរ៍ ជារយៈពេល មួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹង នូវគុណបំណាច់របស់ ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះមហាក្សត្រ មានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានហឫទ័យរំភើបជាអនេក ពេលបានឃើញ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបនា រួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្របែបនេះ ។ ផ្អែកតាមខ្លឹមសារ នៃរបាយការណ៍ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ យើងអាចសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង»។

ព្រះមហាក្សត្រ មានព្រះបន្ទូល ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានឧបត្ថម្ភ គាំទ្រដល់កិច្ចកសាងវិមាននេះ រហូតសម្រេចជាស្ថាពរ។

ព្រះមហាក្សត្រ មានព្រះបន្ទូល កោតសរសើរ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តួចផ្តើមគំនិត, បង្កើតទស្សនាទាន, និងដឹកនាំការកសាង វិមានរដ្ឋ ធម្មនុញ្ញ ដ៏ពិសិដ្ឋនេះឡើង នៅលើទីតាំង ប្រកប ដោយជយភូមិ ដែលជាសំណង់ បេតិកភណ្ឌជាតិ ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញ អំពីតំណភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងអតីតកាល ដ៏ថ្កុំថ្កើងរុងរឿង របស់ប្រជាជាតិខ្មែរ ដែលធ្លាប់មាន អរិយធម៌ឧត្តុង្គឧត្តម, កិត្យានុភាពខ្ពង់ខ្ពស់ តាំងពីបុរាណកាលរៀងមក ។

ព្រះមហាក្សត្រ ក៏មានព្រះបន្ទូលកោត សរសើរបណ្ឌិតជាស្ថាបត្យករ, នីតិបញ្ញវន្ត, វរសិល្បករ និងក្រុមជាងគ្រប់ ផ្នែកទាំងឡាយ ដែលបានរួមចំណែក ក្នុងដំណើរការកសាង វិមានរដ្ឋធម្មនុញ្ញ នេះ រហូតទទួលបានសមិទ្ធផល ដ៏ល្អស្កឹមស្កៃនេះឡើង ៕

To Top