បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa កាលពីថ្ងៃចន្ទនៅក្នុងកិច្ចពិភាក្សាជាមួយ អ្នកការទូតកំពូលរបស់ចិនលោក Wang Yi គឺបានជំរុញទីក្រុងប៉េកាំង ដើម្បីចាត់វិធានការដើម្បីធានាសុវត្ថិភាព របស់ពលរដ្ឋជប៉ុន ជាពិសេសកុមារនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចប្រជុំនៅទីក្រុងញូវយ៉ក បានធ្វើឡើងបន្ទាប់ពីមានការ ចាក់សម្លាប់សិស្សសាលាជនជាតិជប៉ុនម្នាក់ កាលពីសប្តាហ៍មុននៅទីក្រុង Shenzhen របស់ប្រទេសចិន។ ក្រសួងការបរទេសជប៉ុនបាននិយាយថា លោកស្រី Kamikawa ក៏បានទាមទារឱ្យទីក្រុងប៉េកាំង ផ្តល់ព័ត៌មានស៊ីជម្រៅអំពីឧបទ្ទវហេតុនេះ ដល់ទីក្រុងតូក្យូ និងបង្រ្កាបលើបណ្តាញទំនាក់ទំនង សង្គមប្រឆាំងនឹងជប៉ុន និងការបង្ហោះតាមអ៊ីនធឺណិតផ្សេងទៀតជាបន្ទាន់។
ក្រសួងបាននិយាយថា លោកស្រីបានបន្ថែមថា ប្រទេសចិនគួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដកចេញនូវឧបសគ្គដែលរារាំង ការផ្លាស់ប្តូរកាន់តែប្រសើរឡើង រវាងប្រទេសទាំងពីរ។
វាបានដកស្រង់សម្តីលោក Wang ដែលបាននិយាយក្នុងការឆ្លើយតប របស់លោកថាអ្វីដែលបានកើតឡើងគឺជា ករណីចៃដន្យមួយដែលយើងមិនចង់ឃើញ ហើយអាជ្ញាធរចិននឹងដោះស្រាយវាតាមច្បាប់។
លោក Wang បានប្រាប់លោកស្រី Kamikawa ថា ទីក្រុងប៉េកាំងនឹងការពារសុវត្ថិភាពរបស់ ពលរដ្ឋបរទេសទាំងអស់នៅ ក្នុងប្រទេសចិនស្របតាមច្បាប់ ហើយបានជំរុញឱ្យទីក្រុងតូក្យូមើលឧបទ្ទវហេតុនេះ “ដោយស្ងប់ស្ងាត់ និងសមហេតុផល និងជៀសវាងការធ្វើនយោបាយ ឬធ្វើឱ្យមានបញ្ហា” នេះបើយោងតាមក្រសួងការបរទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា