ព័ត៌មានជាតិ

អត្ថបទវិភាគ៖ តើការចេញបទ “បើកហាងលក់សង្សារ” សាធារណៈបែបនេះ ជាការប្រឆាំងនឹងច្បាប់ជួញដូរមនុស្សដែរទេ?

បទ“បើកហាងលក់សង្សារ” ច្រៀងដោយ៖ នាយ គ្រឿន, និពន្ធ Melody និងទំនុកច្រៀង៖ តាន់ វ៉ារិន ចេញបានប៉ុន្មានមុននេះ មានចម្ងល់ពីពលរដ្ឋជាច្រើនសួរថា «តើការចេញបទ “បើកហាងលក់សង្សារ” សាធារណៈបែបនេះ ជាការប្រឆាំងនឹងច្បាប់ជួញដូរមនុស្សដែរទេ? ឬមួយគ្រាន់ជាសិល្បៈ មិនប៉ះដល់សង្គម? ប្រសិនបើបែបនេះជាសិល្បៈ ចុះការថតរឿងអាសអាភាស ការផ្សព្វផ្សាយរឿងអាសអាភាស ជាទម្រង់សិល្បៈដែរទេ? បើជាសិល្បៈ ហេតុអ្វីមិនអាចផ្សព្វផ្សាយដូចបទនេះ?»

ក្រោយពីបានស្ដាប់បទនេះជាច្រើនលើកច្រើនសា ស្ដាប់ហើយស្ដាប់ទៀត យើងមិនឃើញមានសារអប់រំ នៃឃ្លាណាមួយបង្ហាញឱ្យសង្គមបានល្អប្រសើរនោះទេ។ អ្នកប្រាជ្ញអក្សរសិល្ប៍រួមមតិគ្នាថា “អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម” ហើយទស្សនៈនេះ អ្នកសិក្សារូបណាក៏បានស្គាល់ បានយល់ដែរ ឱ្យតែអ្នកនោះបានរៀនដល់វិទ្យាល័យ។

ចុះបទចម្រៀងដែលមានចំណងជើងថា “បើកហាងលក់សង្សារ” នេះចង់បង្ហាញថាក្នុងសង្គមខ្មែរឆ្នាំ២០២៤ អាចប្រកបរបស់លក់ដូរមនុស្សបានដែរឬ? ឬមួយអ្នកនិពន្ធគិតថាទៅឆ្នាំខាងមុខ គេអាចប្រកបរបរនេះបាន ទើបគេផលិតបទនេះឡើង ស្របតាមនិន្នាការនៃការវិវឌ្ឍរបស់សង្គមថា មានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច?

បើពិនិត្យមើលលើច្បាប់រដ្ឋ និងសីលធម៌នៅកម្ពុជា ក៏ពុំទាន់មានច្បាប់ណាមួយដែល អនុញ្ញាតឱ្យប្រករបរជួយដូរមនុស្សនោះទេ ហើយក៏ពុំឃើញទម្រង់ណាមួយនៃសង្គមខ្មែរ ដែលលើកម្ពស់ការជួញដូរមនុស្ស ឬផ្សព្វផ្សាយឱ្យមានការជួញដូរលើមនុស្សនោះដែរ។ គេឃើញមានតែច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

បើយោងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៧។

មាត្រា១ ចែងពី “គោលបំណង” នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ ច្បាប់នេះ មានគោលបំណងបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ឋិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស និងបង្កើននូវសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់នូវទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជាតិ និងមានគោលបំណងអនុវត្តឱ្យបានសមស្របផងដែរ តាមពិធីសារអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ការបង្រ្កាប និងការផ្តន្ទាទោសការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ បន្ថែមលើអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឬឧបករណ៍ ឬកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗទៀត ទាក់ទងនឹងការជួញដូរមនុស្សដែលព្រះរាជាណាចក្រកម្ពុជា បានឱ្យសច្ចាប័ន ឬ ចុះហត្ថលេខា។

មាត្រា១៣ បានចែងពី “និយមន័យនៃអំពើលក់-ដូរមនុស្ស” អំពើលក់-ដូរមនុស្ស មានន័យថា ប្រគល់ឱ្យដោយខុសច្បាប់នូវការគ្រប់គ្រងលើជន ណាម្នាក់ទៅជនដទៃ ឬ ទទួលយកដោយខុសច្បាប់នូវ ការប្រគល់ការគ្រប់គ្រងលើជនណា ម្នាក់ពីជនដទៃ ដោយផ្តោះប្តូរទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។ អំពើធ្វើជាភ្នាក់ងារ កណ្តាលនៃការលក់-ដូរមនុស្ស ត្រូវផ្តន្ទាទោសដូចគ្នានឹងអំពើលក់-ដូរមនុស្សដោយផ្ទាល់។

មាត្រា១៤ ចែងពី “អំពើលក់-ដូរមនុស្ស” ថា “ជនណាដែលលក់-ដូរជនដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំ ដល់ ៥(ប្រាំ) ឆ្នាំ។”

មាត្រា១៥ ចែងអំពី “អំពើលក់-ដូរមនុស្សដោយមានគោលដៅ” ជនណាដែលលក់-ដូរជនដទៃ ដោយមានគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬ ទម្រង់នៃការកេងប្រវ័ញ្ចន៍ផ្សេងទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧(ប្រាំពីរ) ឆ្នាំ ដល់ ១៥(ដប់ប្រាំ) ឆ្នាំ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥(ដប់ប្រាំ)ឆ្នាំ ដល់ ២០(ម្ភៃ)ឆ្នាំ ក្នុងករណីដែល៖ ១. ជនរងគ្រោះជាអនីតិជន ២.អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ និង ៣. អំពើល្មើសប្រព្រឹត្តឡើងដោយក្រុមមានការចាត់តាំង។

ខ្លឹមសារទាំងស្រុងបទ“បើកហាងលក់សង្សារ” ១. ភ្ជុំនេះខ្ញុំបើកហាងមួយតែមិនលក់ចាប់ហួយឬលក់បាយទេ អ្នកខ្លះគេលក់គុយ ចំណែកអ្នកខ្លះគេលក់កាហ្វេ ហាងខ្ញុំលក់ប្លែកពីគេ ហាងខ្ញុំលក់ប្លែកពីគេ បងៗចែៗជួយគាំទ្រផងណា៎។
២. បងៗដែលនៅស៊ីងហ្គល ឈប់ព្រួយឈប់ខ្វល់ខ្លាចត្រូវឯកា ឥឡូវសម័យទំនើប ឱ្យតែក្នុងដៃមានលុយដុល្លារ ខ្ញុំបើកហាងលក់សង្សារ ខ្ញុំបើកហាងលក់សង្សារ អ៊ីចឹងបើត្រូវការ សូមឆាតមកខ្ញុំ។
៣. ឃើញបងរអ៊ូដ្រាមាថាអត់សង្សារកាន់ដៃថ្ងៃភ្ជុំ បើបានឃើញផុសនេះ សូមកុំកន្តើយ សូមឆាតមកខ្ញុំ ទិញមួយទុកថ្ងៃបុណ្យភ្ជុំ ទិញមួយទុកថ្ងៃបុណ្យភ្ជុំ ខ្ញុំនឹងរៀបចំជូនបងមួយហ្សែត។
៤. សង្សារទិញក៏បាន ជួលក៏បាន អាចផ្ញើតាមឡានសម្រាប់បងនៅខេត្ត បងៗដែលនៅភ្នំពេញ កុម្ម៉ង់ភ្លាមបានភ្លាម ដឹកជូនបងភ្លែត អ៊ីចឹងហើយតទៅឈប់សេដ អ៊ីចឹងហើយតទៅឈប់សេដ ព្រោះថាពេលនេះខ្ញុំមានលក់សង្សារ។

យោងតាមក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ ត្រង់មាត្រា៤៩៥- បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ចែងថា “អំពើញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយ ដែលមានចែងក្នុងមាត្រា៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ) ខែ ទៅ ២(ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៤.០០០.០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។”

មាត្រា៤៩៤-លក្ខខណ្ឌអត្ថិភាពនៃការញុះញង់ ចែងថា “ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោស កាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖ ១-ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីកន្លែងសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។ ២-ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវផ្សព្វផ្សាយ នៅក្នុងចំណោមសាធារណជន ឬតាំងឱ្យសាធារណជនមើល។ និង ៣-ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់សាធារណជន។”

ថ្វីដ្បិតតែក្រុមផលិតករទាំងនេះ ពុំបានជួញដូរមនុស្សដូចមានចែងក្នុងច្បាប់ស្តីពី ការជួញដូរមនុស្សខាងលើពិតមែនហើយ តែបទចម្រៀង និងអត្តន័យ ព្រមទាំងការផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម ជាការឆ្លុះបញ្ចាំងឱ្យសាធារណជន ជាពិសេសអនីតិជន ដែលជាជនងាយរងគ្រោះយល់ឃើញថា “ការលក់សង្សារ” ដែលជាបទល្មើសជួញដូរមនុស្ស គឺជាអំពើស្របច្បាប់នៅលើទឹកដីកម្ពុជាទៅវិញ ដែលផ្ទុយនឹងគោលការច្បាប់ ក៏ដូចជាសីលធម៌សង្គមកម្ពុជាទាំងមូល។ នេះបើយោងតាមអ្នកជំនាញផ្នែកច្បាប់បានបញ្ជាក់៕

To Top