ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» ជាឯកសារដ៏មានតម្លៃ សម្រាប់អ្នកសិក្សា នយោបាយនៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា និងអ្នកអានទូទៅ។

ការលើកឡើងរបស់លោក ប៉ែន បូណា បានធ្វើឡើង នាឱកាសអញ្ជើញផ្តល់បាឋកថាស្តីពី «គុណតម្លៃនៃការលះបង់ របស់សម្តេចតេជោ ចំពោះកម្ពុជានិងប្រជាជនខ្មែរ» និងពិធីសម្ពោធជាផ្លូវការសៀវភៅ ដែលមានចំណងជើងថា «ឃាតកម្មនៅពីក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន» ដែលធ្វើឡើងនៅក្នុងសាលបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

លោក ប៉ែន បូណា បានថ្លែងថា សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» មិនមែនជារឿងប្រលោមលោក ដែលរៀបរៀងឡើង ដោយបន្ថែមបន្ថយ ខ្លឹមសារតាមអារម្មណ៍របស់អ្នកនិពន្ធនោះឡើយ ប៉ុន្តែសៀវភៅនេះ គឺជាកំណត់ត្រានៃព្រឹត្តិការណ៍ ពិតពីសំណាក់សាក្សី រស់ដែលស្ថិតនៅក្នុងព្រឹត្តិការណ៍ដោយផ្ទាល់ និងជាពិសេសសាក្សីដ៏សំខាន់បំផុត គឺជាមនុស្សដែលនៅកៀកកិត និងមានភក្តីភាពបំផុត ជាមួយសម្តេចតេជោ ហ៊ុន សែន។ នោះគឺ លោកឧត្តមសេនីយឯក មាស សុខុន ដែលជាអង្គរក្សផ្ទាល់ និងជាអ្នកបើកបររថយន្តផ្ទាល់ ជូនសម្តេចតេជោ ហ៊ុន សែន តែម្តង ។ ដូច្នេះ លោក គឺជាសាក្សីសំខាន់ណាស់ ដែលមិនត្រឹមតែបានផ្តល់ធាតុចូល ដ៏មានសារសំខាន់នៃរាល់ព្រឹត្តិការណ៍ដែលបានកើតឡើងចំពោះ សម្តេចតេជោ ប៉ុណ្ណោះទេ លោក មាស សុខុន ក៏ជាអ្នកផ្តួចផ្តើមគំនិតចងក្រងឯកសារ កំណត់ត្រាប្រវត្តិសាស្ត្រនេះផងដែរ។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ថា “សៀវភៅ ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន គឺជាឯកសារដ៏មានតម្លៃខ្លាំងណាស់ សម្រាប់អ្នកសិក្សាអំពីនយោបាយនៅកម្ពុជា ក៏ដូចជាសម្រាប់អ្នកអានទូទៅដែរ។ តម្លៃរបស់សៀវភៅនេះ គឺស្ថិតនៅត្រង់ថា គឺជាឯកសារតែមួយគត់ គ្មានពីរ ដែលបានចងក្រងរាល់ព្រឹត្តិការណ៍នៃការប៉ុនប៉ងធ្វើឃាត ចង់យកជីវិតសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ដៃគូប្រជែងនយោបាយរបស់សម្តេច។ បើតាមការកត់ត្រារបស់សៀវភៅនេះ សម្តេចតេជោ ហ៊ុន សែន បានរងការប៉ុនប៉ងធ្វើឃាតដល់ទៅ៥លើក”។

លោក បន្ដថា ដូច្នេះ បើគ្មានការចងក្រង ជាសៀវភៅបែបនេះទេ ព្រឹត្តិការណ៍ទាំងអស់នេះនឹងត្រូវគេបំភ្លេចចោលទាំងស្រុងនាពេលខាងមុខ។ ប៉ុន្តែវត្តមាននៃសៀវភៅនេះ មានន័យថា ព្រឹត្តិការណ៍នៃការប៉ុនប៉ង យកជីវិតសម្តេចតេជោទាំងអស់ ត្រូវបានកត់ត្រាទុកយ៉ាងគត់មត់ ដើម្បីទុកឱ្យកូនខ្មែរបានអានតជំនាន់។

សូមបញ្ជាក់ថា សៀវភៅដែលមានកម្រាស់ ១៦៧ ទំព័រនេះ គឺជាស្នាដៃនិពន្ធ និងចងក្រងឡើងដោយគណៈកម្មការនិពន្ធមួយក្រុមដែលមាន ឧត្តមសេនីយឯក មាស សុខុន ជាប្រធានក្រុមការងារស្រាវជ្រាវនិពន្ធ លោក អៀង ពិសី ជាអ្នកស្រាវជ្រាវនិពន្ធ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមការងារសម្របសម្រួល ព្រមទាំងសមាជិកនៃគណៈកម្មការនិពន្ធជាច្រើនរូបទៀត។ សៀវភៅនេះ បានកត់ត្រាព្រឹត្តិការណ៍សំខាន់ៗយ៉ាងតិច៥ ដែលសុទ្ធសឹង ជាការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ក្នុងនោះ ព្រឹត្តិការណ៍ ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប គឺជាអំពើប៉ុនប៉ង សម្លាប់សម្តេចតេជោ ដ៏អាក្រក់ជាងគេបំផុតមួយពីសំណាក់គូប្រជែងនយោបាយ។ គ្រាប់រ៉ូកែត បេ៤០ ចំនួន៤គ្រាប់ ត្រូវបានគេដាក់បង្កប់ នៅក្នុងគុម្ពផ្កាក្រដាស់នៅក្បែរផ្លូវដែលសម្តេចតេជោធ្វើដំណើរ ។ ប៉ុន្តែ សំណាងល្អ មានតែមួយគ្រាប់ប៉ុណ្ណោះ ដែលបាញ់ចេញហើយផ្ទុះត្រូវបង់ អង្គុយលេងបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងមានអ្នករងរបួសមួយចំនួនទៀត៕

To Top