ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥.៨% សម្រាប់ឆ្នាំ២០២៤ និង ៦.០% សម្រាប់ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាក់ថា វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២.០% មក០.៥% សម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាម ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករ ទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើន រឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត»។
ការបន្ទាបការព្យាករអតិផរណា ឆ្លុះបញ្ចាំងពីការថយចុះថ្លៃទំនិញនិងសេវាទាក់ទឹននឹងប្រេងឥន្ធនៈ រួមជាមួយនឹងការថយចុះនៃថ្លៃជី ដែលបានគាំទ្រដល់ផលិតកម្មកសិកម្ម។ការណ៍នេះនឹងជួយសម្រាល បន្ទុកចំណាយចាំបាច់របស់ប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកដែលងាយរងគ្រោះបំផុត ដែលបានប្រឈម មុខនឹងបញ្ហានានាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ។
របាយការណ៍នេះ គូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦.៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨.៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។
កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១.៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១.២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់ បានកើនឡើង ២៣.៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។
វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១.២% ក្នុងឆ្នាំ ២០២៤ និង១.៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥.៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥.២% នៅឆ្នាំ ២០២៥។ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២.៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤.៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។
លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២.០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២.១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។លំហូរវិនិយោគនេះ ត្រូវបានគាំទ្រដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរ វិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុមានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាប នៃវិស័យធនាគារ។
ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់៕