ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល សំណូមពរសប្បុរសជន ចិត្តធម៌មាន ដើមកំណើតខ្មែរ បន្ដពាំនាំនូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគ នៅកម្ពុជា ទៅកាន់ សហគមន៍ អន្ដរជាតិ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរលោក Chris Larsen និងលោកស្រី Lyna Lam ជាសប្បុរសជនចិត្តធម៌ មានដើមកំណើតខ្មែរ បន្តជួយបញ្ជ្រាបអំពីវប្បធម៌ ប្រពៃណីដ៏ផូរផង់ របស់ជាតិ ទៅកាន់សហគមន៍អន្ដរជាតិ ព្រមទាំងជួយពាំនាំ នូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគ នៅកម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Chris Larsen បុគ្គលលេចធ្លោក្នុងវិស័យ ឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុន បច្ចេកវិទ្យាល្បីៗជាច្រើន ព្រមទាំងលោកស្រី Lyna Lam ជាភរិយា ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាសប្បុរសជនចិត្តធម៌ មានដើមកំណើតខ្មែរ សញ្ជាតិអាមេរិកកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ។

ក្នុងនាមជាម្ចាស់ផ្ទះ លោក Chris Larsen និង លោកស្រី Lyna Lam បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ចំពោះដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិក នាឱកាសនេះ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះ លោក និងលោកស្រី ដែលបានចំណាយ ពេលវេលាដ៏មមាញឹក មកជួបសំណេះសំណាល និង ជជែកពិភាក្សាអំពី បច្ចុប្បន្នភាពនៃកម្ពុជាជុំវិញ ការងារអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច និងការជំរុញ វិនិយោគពីវិស័យឯកជន។

លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់ លោកស្រី Lyna Lam ក្នុងនាមជាជនរួមជាតិតែមួយ សូមលោកស្រី បន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណី ដ៏ផូរផង់របស់ជាតិ ទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញ ធុរកិច្ចរបស់លោកស្រី និងស្វាមី ទាំងក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ដោយរំពឹងថាលោក និងលោកស្រី នឹងឆ្លៀត ពេលវេលាដ៏មមាញឹក ធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបានសិក្សា ស្វែងយល់បន្ថែមដោយផ្ទាល់ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋាន ក្នុងការពិចារណា ពិនិត្យលទ្ធភាពក្នុងការ សម្រេចចិត្តបោះទុន វិនិយោគនាពេលអនាគត ជាពិសេសក្នុង វិស័យឧស្សាហកម្មបច្ចេវិទ្យា ដែលរូបលោក Chris ផ្ទាល់ ជាបុគ្គលលេចធ្លោ ប្រកបដោយជំនាញ និងបទពិសោធន៍ឈានមុខក្នុងវិស័យនេះ ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញ នូវសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ច ដែលនឹងអាចកើតមាន នៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយ កម្រិតទៀតផងដែរ៕

To Top