ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំង ចូលរួមបេសកកម្មអង្គការ សហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ ២២គ្រឿងវិស្វកម្មធន់ធ្ងន់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើរសុំបន្ថែមពីអង្គការ សហប្រជាជាតិ ក្នុងបេសកកម្មMINUSCA ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_12-26-59-1024x682.jpg)
នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សា សន្តិភាពពហុសាសន៍ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតី នៃការបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈគ្រឿងបំពាក់ ចំនួន២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មអង្គការ សហប្រជាជាតិ សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_12-26-48-1024x682.jpg)
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ការដែលបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈដាក់ក្នុងទូកុងទឺន័រ ទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីដឹកតាមនាវាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយមានការអនុញ្ញាតយល់ព្រម ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_12-26-54-1024x682.jpg)
រថយន្ត គ្រឿង ចក្រ និងសម្ភារៈ រួមមាន រថយន្តប្រភេទរថយន្តរថពាសដែក (MPV) រថយន្តសាំង រថយន្តទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រ ប្រភេទសាសឺ និងគ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និង សម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២ គ្រឿងនឹងចេញទៅ សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមនាវា នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដោយប្រើរយៈពេល៩០ថ្ងៃ នឹងទៅដល់គោលដៅ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_12-27-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)