ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ ក៏ដូចជាផ្តាំផ្ញើដល់នាយកដ្ឋានជំនាញ មន្ទីអភិវឌ្ឍន៍ជនខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវរៀបចំជា របាយការណ៍ប្រចាំថ្ងៃ ស្តីពីផលប៉ះពាល់ ដោយសារទឹកជំនន់ និងត្រៀមអន្តរាគមន៍ជួយ ដល់ប្រជាពលរដ្ឋរង ផលប៉ះពាល់ឲ្យបានទាន់ពេលវេលា ។
ការណែនាំក៏ដូចជាផ្តាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ប្រធាននាយកដ្ឋាន ដោយឡែក លោក លោកស្រី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
កិច្ចប្រជុំផ្តោតសំខាន់លើ ការត្រួតពិនិត្យសមិទ្ធផលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗ របស់ក្រសួង, ការពិនិត្យលើបញ្ហា ការប្រឈម ក្នុងខែកញ្ញា និងការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ សម្រាប់អនុវត្តបន្ដឱ្យមានប្រសិទ្ធភាព។ យោងតាមរបាយការណ៍លទ្ធផលការងារដោយ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញអំពីលទ្ធផល សម្រេចដូចខាងក្រោមៈ
-កម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ សម្រេចបានការអនុវត្ត ៧២,២៥% ក្នុងរយៈពេល ៩ខែ
-កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ សម្រេចបានការអនុវត្ត ៧៨,២១% ក្នុងរយៈពេល ៩ខែ
-កម្មវិធីទី៣: ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបានការអនុវត្ត ៧៦,៥៧% ក្នុងរយៈពេល ៩ខែ
-កម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានការអនុវត្ត ៧៦,៥០% ក្នុងរយៈពេល ៩ខែ។
សរុបរួមការអនុវត្តកម្មវិធីទាំងបួន បានសម្រេចស្របតាមផែនការ គ្រោងទុក ។
សូមបញ្ជាក់ថា រាល់កម្មវិធីប្រជុំប្រចាំខែ ក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទាំងថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានី-ខេត្ត បានចូលរួមផ្អែកតាមអភិក្រម រួមដឹង រួមគិត និងរួមធ្វើ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។
លទ្ធផលទាំងនេះជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់ទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង។
ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីជាយន្តការសម្រាប់អនុវត្តផែនការ សកម្មភាពតាមកម្មវិធីទាំង៤ របស់ក្រសួង ឱ្យកាន់តែសម្រេចលទ្ធផលខ្ពស់ និង ឈានទៅសម្រេចចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការចូលរួមចំណែក អនុវត្តនូវយុទ្ធសាស្ដ្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេច ឱ្យបាននូវគោលដៅកម្ពុជា ជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេស ដែលមានប្រាក់ចំណូលកម្រិត ខ្ពស់នៅឆ្នាំ២០៥០ ៕