ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បាននាំយកផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦ កេសទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_15-59-45-1024x768.jpg)
ពិធីនេះដុតបំផ្លាញចោលនេះ ធ្វើឡើងដោយមានការចូលរួមសហការ ជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_15-59-50-768x1024.jpg)
សូមបញ្ជាក់ថា ផលិតផលបារី ដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានកន្លងមក និងយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_15-59-54-768x1024.jpg)
អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួន ឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាម លក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងទបប្បញ្ញត្តិជាធរមាន ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-00-00-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-00-04-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-00-11-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-25_16-00-15-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)