ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការយុទ្ធសាស្រ្តស្ដីពី ការពង្រឹងសន្តិសុខ រយៈពេលខ្លី មធ្យម និងវែង

ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី ខេត្ត ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាន នគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពី ការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាល របស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក ។

ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

បើតាម ប្រមុខក្រសួងមហាផ្ទៃ រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខ ខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក ។

ក្នុងន័យនេះ ប្រមុខក្រសួងមហាផ្ទៃ បានជំរុញ ឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តី ពាក់ព័ន្ធកែសម្រួលផែនការ យុទ្ធសាស្រ្ត ស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ ។ ត្រង់ចំណុចនេះ លោករំលឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានជំរុញ ឱ្យរដ្ឋបាលខេត្តព្រះសីហនុ ពិនិត្យលើការងារនេះផងដែរ ។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏បានណែនាំជាថ្មីទៀត ឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តយកចិត្តទុកដាក់តាមដាន កែលម្អ និងគាំទ្របន្ថែមទៀត ដល់តួអង្គសំខាន់ៗដែលនៅកៀកនិងប្រជាពលរដ្ឋ រួមមានក្រុមប្រឹក្សានិងស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍និងមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ មេភូមិ អនុភូមិ នាយកនិងលោកគ្រូអ្នកគ្រូនៃសាលារៀន តាមបណ្ដាភូមិ ប៉ុស្តិ៍សុខភាពឃុំ សង្កាត់ ព្រមទាំងក្រុមកម្លាំងប្រជាការពារ ដើម្បីឱ្យតួអង្គ ទាំងនេះ បានបំពេញតួនាទីស្របតាមច្បាប់ និងឆ្លើយតបទាន់ពេលវេលា ចំពោះតម្រូវការនានា របស់ប្រជាពលរដ្ឋ ជាពិសេសអនុវត្តន៍ បានត្រឹមត្រូវនិងប្រកប ដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ៕

To Top