ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាឱ្យប្តឹងទៅឧទ្ធរណ៍ ជុំវិញសាលក្រមសាលាដំបូង រាជធានីភ្នំពេញ កាត់ទោសត្រឹម៥ឆ្នាំ លើករណីស្រវឹងបើកបរ បុកមនុស្សស្លាប់៤នាក់ នៅឬស្សីកែវ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់លោកឧបនាយករដ្ឋមន្ត្រី កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញ លើសាលក្រមកាត់ទោស ឱ្យជាប់ពន្ធនាគារតែ៥ឆ្នាំ លើករណីបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យមនុស្ស៤នាក់ស្លាប់និងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅស្ពានអាកាសខណ្ឌឬស្សីកែវ ខណៈសម្តេចបញ្ជាក់ថា រឿងនេះប៉ះពាល់ច្រើន ហើយជាគំរូ ទៅដល់អ្នកបើកបរស្រវឹងផ្សេងទៀត ។

ឆ្លៀតក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពី ភាពមិនប្រក្រតីទៅលើការសម្រេចសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោសសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ក្នុងស្ថានភាពស្រវឹង និងបានបង្កគ្រោះថ្នាកចរាចរណ៍ បណ្តាលឱ្យស្លាប់មនុស្ស នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោស កម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។

ក្នុងនោះសម្តេចធិបតី មានប្រសាសន៍ថា “ដើម្បីឱ្យពិតប្រាកដ ព្រោះនេះជាអ្វីដែលត្រូវអនុវត្តឱ្យតឹងរឹង ត្រូវប្តឹងទៅឧទ្ធរណ៍ សុំឱ្យប្រគល់ភារកិច្ច ឱ្យក្រសួងយុត្តិធម៌ ប្រើអំណាចអធិបញ្ជារ របស់ខ្លួនតាមច្បាប់ ឱ្យគោលការណ៍ទៅព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ប្តឹងទៅឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះ ធ្ងន់គ្រប់គ្រាន់ឬនៅ” ។

សម្តេចនាយករដ្ឋមន្ត្រី ឱ្យយកករណីនេះជាគំរូសម្រាប់អ្នកដទៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងស្ថានភាពអ្នកបើកបរមានភាពស្រវឹងក្នុងខ្លួន ដូចករណីខាងលើ បានបង្កឱ្យមនុស្ស៤នាក់បានសម្លាប់ ។

ក្នុងនោះសម្តេចធិតី បញ្ជាក់ថា “ជាសារសំខាន់ណាស់ សម្រាប់អ្នកដែលប្រព្រឹត្ត កិច្ចការងារនេះត្រូវពិនិត្យឡើងវិញ សូមឯកឧត្តម កើត រឹទ្ធ ប្រគល់ភារកិច្ចជូនអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ ប្តឹងទៅឧទ្ធរណ៍ ឱ្យពិនិត្យមើលការ សម្រេចនេះ មានទម្ងន់តាមច្បាប់ជាធរមានហើយឬនៅ? រឿងនេះប៉ះពាល់ច្រើន ហើយជាគំរូទៅដល់អ្នកបើកបរ ស្រវឹងផ្សេងទៀតផងដែរ ។ ពិនិត្យមើលឡើងវិញ ហើយបើច្បាប់យើងអស់ហើយត្រឹមហ្នឹង ត្រូវធ្វើវិសោធនកម្មច្បាប់” ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា “ដើម្បីឱ្យស្របតាមទម្ងន់ កុំឱ្យលើកទឹកចិត្ត ហើយដាក់ឱ្យអ្នកផ្សេងកុំឱ្យធ្វើបែបនេះ បើច្បាប់មានស្រាប់ យើងមិនអាចធ្វើអ្វីលើសពីដែនកំណត់នៃច្បាប់នោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើល បើច្បាប់នេះ ដាក់ហើយអស់ យើងត្រូវពិនិត្យមើល នៅក្នុងការធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើនទម្ងន់ទោសទៅថ្ងៃក្រោយ ដើម្បីការពារកុំឱ្យបែបនេះតទៅទៀត” ។

សូមបញ្ជាក់ថា លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោស កម្រិតអតិបរិមា ដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ ខណៈហេតុការណ៍នេះ បានបង្ករ ឱ្យមនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ កាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕

To Top