ព័ត៌មានជាតិ

ប្រេសិតពិសេស UN ថ្លែងអំណរគុណកម្ពុជា ដែលចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ លោកស្រី ជូលី ប៊ីសប ប្រេសិតពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា បានថ្លែងអំណរគុណកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ។

ការថ្លែងអំណរគុណរបស់លោកស្រី ជូលី ប៊ីសប ធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះដែរលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការតែងតាំងលោកស្រី ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា។

ប្រមុខការទូតកម្ពុជា ក៏បានជម្រាបជូនលោកស្រី អំពីបទពិសោធន៍ របស់កម្ពុជាក្នុងការ បញ្ចប់សង្គ្រាមនិងស្វែង រកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយ វិបត្តិនៅមីយ៉ាន់ម៉ា ជំហររបស់កម្ពុជាក្នុងការ បន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ានរួមមាន ប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika)។

ជាការឆ្លើយតបលោកស្រីប្រេសិតពិសេស របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ ចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕

To Top