ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការវិនិយោគលេីវិស័យអប់រំ គឺដើម្បីឱ្យពលរដ្ឋរស់នៅ ប្រកបដោយចីរភាព

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ការវិនិយោគលេីវិស័យ អប់រំទើបមានសមត្ថភាព និងមានលទ្ធភាពឱ្យប្រជាពលរដ្ឋរស់នៅដោយខ្លួនឯង ប្រកបដោយចីរភាព។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគជាមួយវិស័យ ធនធានមនុស្ស នេះហើយ អាចឱ្យប្រជាពលរដ្ឋអាច រស់ដោយខ្លួនឯងបាន ។ នៅពេលពលរដ្ឋអាចរស់ដោយខ្លួនឯងបាន ពេលនោះសេដ្ឋកិច្ចប្រទេសជាតិ ក៏មានការរីកចម្រើនដែរ។

សម្ដេចធិបតី បន្ដថា ហេតុអ្វីបានជារដ្ឋ វិនិយោគទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស? ហេតុអ្វីបានជា ឪពុក-ម្ដាយ គ្រប់ៗរូបចង់ឱ្យកូនរបស់ខ្លួនរៀន? ទាំងនេះ គឺជាតម្រូវរបស់ប្រជាជនម្នាក់ៗ ក្នុងការសិក្សា។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ប្រទេសជាតិដូចគ្នា យើងចង់បានមនុស្សទាំងអស់ ប្រជាជនទាំងអស់ មានសមត្ថភាព មានកម្រិតជីវភាព មានការឯករាជ្យម្ចាស់ការ នៅក្នុងការកំណត់ជីវភាពរស់នៅ ។ គឺវិនិយោគ វិស័យអប់រំនេះហើយ ទើបមានសមត្ថភាព មានលទ្ធភាពឱ្យប្រជាពលរដ្ឋ រស់ខ្លួនឯង ហើយរស់ដោយមានចីរភាព ។ ហើយមិនមែនត្រឹមតែរស់ខ្លួនឯងនោះទេ គឺប្រជាពលរដ្ឋនេះហើយ ដែលជាកំណត់នូវកម្លាំងរបស់ជាតិ»៕

To Top