ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ អោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ចំណុះអោយ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ យកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ពិសេសការពារទ្រព្យសម្បត្តិ ពលរដ្ឋ ដែលទៅលេងស្រុកកំណើត ឬទៅតាមបណ្តាខេត្តអស់ពីផ្ទះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ។
ការណែនាំបែបនេះរបស់លោក ឃួង ស្រេង ធ្វើឡើងនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយសារថា ក្នុងពិធីបុណ្យនេះ ពលរដ្ឋភាគច្រើន ទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តអស់ពីផ្ទះ។
ឆ្លៀតក្នុងឱកាសនេះ លោក ឃួង ស្រេង ក៏បានណែនាំអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបើកកិច្ចប្រជុំនៅតាមបណ្តាខណ្ឌទាំងអស់ ដើម្បីអោយមន្ត្រីរបស់ខ្លួន យល់ច្បាស់ពីការសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ពីណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយបន្តយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ អោយបានយល់ ។
លោកឃួង ស្រេង បានបញ្ជាក់ថា “រាជរដ្ឋាភិបាលយើង បានដកខ្លួនចេញពី (CLV-DTA)មែន តែរាជរដ្ឋាភិបាលនៅ តែបន្តអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីភាពរីកចំរើនរបស់ប្រជាពលរដ្ឋនៅតាមបណ្តោខេត្តជាប់ព្រំដែន”។
ក្នុងនោះដែរ ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សំរាប់បុណ្យភ្ជុំបិណ្ឌនិងបុណ្យកឋិនទាននេះ ស្នងការនគរបាល រាជធានីភ្នំពេញ បានប្រើប្រាស់ កម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យជាតិនេះ ក្នុងនោះមានទាំងការដាក់កម្លាំង នៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ដាក់កម្លាំងចំនួន៤៦គោលដៅ ដើម្បីល្បាតពួនស្ទាក់ សម្រួលចរាចរណ៍ ជាមួយនិងការបង្ការទប់ស្កាត់ គ្រោះអគ្គីភ័យជាដើម។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលេីនេះ មានការចូលរួមពីស្នងការដ្ឋាន នគរបាលរាជធានី, មេបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ មួយចំនួនទៀត៕