ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក FUJITA Yukihisa ឥស្សរជនជប៉ុន ដែលធ្លាប់កាន់មុខតំណែង អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកប ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ កន្លងមក រវាងប្រទេសកម្ពុជា និងជប៉ុន ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួបដែលបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតបញ្ជាក់ជូនភាគីជប៉ុន ដែរថាទោះបីកម្ពុជាសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀត ជាមួយប្រទេសជិតខាងជាធម្មតា។
ជាការឆ្លើយតប លោក FUJITA Yukihisa បានលើកឡើងថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះជប៉ុន ក៏នឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែកដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕