ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បង្ហាញវឌ្ឍនភាពថ្មីៗ ដល់វិស័យឯកជន នៅអាមេរិក ស្តីពីបរិយាកាស វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់សុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពី ការវិនិយោគនៅកម្ពុជា ដែលបានសហការរៀបចំ ដោយរដ្ឋបាលកំពង់ផែ ក្រុងឡងប៊ិច (Port of Long Beach) ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាពថ្មីៗ ដល់វិស័យឯកជន មានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែនជែលលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពល របស់ព្រះរាជាណាចក្រកម្ពុជា រួមមាន ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមាន ទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

ដើម្បីជាសក្ខីភាព លោក Devin Barta អតីតប្រធានសភាពាណិជ្ជកម្ម សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងបច្ចុប្បន្នជា នាយកប្រតិបត្តិ នៃក្រុមហ៊ុន American Hardwood Flooring ក៏បានចូលរួមចែករំលែកបទ ពិសោធន៍នៃការវិនិយោគ នៅកម្ពុជា ដែលខ្លួនធ្លាប់ទទួល បាននាពេលកន្លងមក ជម្រាបជូនទៅកាន់អង្គសិក្ខាសាលា បានជាមូលដ្ឋានសម្រាប់ ការសម្រេចចិត្ត នាពេលខាងមុខផងដែរ។

អង្គសិក្ខាសាលាក៏បានរៀបចំឱ្យមាន ជាវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ រវាងវិស័យឯកជន ដែលបានអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីពីកម្ពុជា ជាមួយនឹងធុរជនមានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែនជែលលេស ដែលបានចូលរួមនាឱកាសនោះ ដោយបានគូសបញ្ជាក់អំពីភាពងាយស្រួល ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធភាពនៃសកម្មភាពវិនិយោគ ដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយ ប្រកបដោយបុរេសកម្ម ពីសំណាក់រាជរដ្ឋាភិបាល ។

សូមជម្រាបជូនថា ក្នុងសិក្ខាសាលានេះដែរ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Shun Fat Group តំណាងដោយលោកស្រី Ivy Tran នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជាមួយនិងសហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតលើការនាំចេញស្រូវអង្ករពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលនេះគឺជាអនុស្សារណៈទី៣ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគនាឱកាសនេះ៕

To Top