ភ្នំពេញ៖ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមាននាវាកងទ័ពជើងទឹកអង់គ្លេស និងអូស្រ្តាលី បានបណ្ដាក់គ្នាចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមហេតុផល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_11-36-46-1024x681.jpg)
ការបណ្ដាក់គ្នា ចូលទស្សនកិច្ចនៅកម្ពុជានេះ ក៏ស្របពេលដែលសហរដ្ឋអាមេរិក ដែលជាក្បាលម៉ាស៊ីន នៃសម្ព័ន្ធភាព អូគូស (AUKUS) បានបន្តប្រើវោហាសាស្រ្តវាយប្រហារកម្ពុជា លើការពង្រីកមូលដ្ឋាន កងទ័ពជើងទឹករាម។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_11-36-33-1024x681.jpg)
ជាក់ស្ដែងកាលពីព្រឹកថ្ងៃចន្ទ នាវាកងទ័ពជើងទឹកអង់គ្លេស ដែលមាន ឈ្មោះHMS SPEY (P234) ដឹកនាំដោយវរនាវីទោ Paul Caddy មេបញ្ជាការនាវា កងទ័ពជើងទឹកអង់គ្លេស បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_11-36-36-1024x681.jpg)
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ គឺដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់ តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ(កម្ពុជា-អង់គ្លេស) ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_11-36-42-1024x681.jpg)
កាលពីថ្ងៃទី២ កញ្ញា កន្លងទៅថ្មីៗនេះ នាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន០១គ្រឿង ឈ្មោះHMAS Perth-FFH157(Anzac Class FFH) ដឹកនាំដោយវរនាវីទោ Ben Dalton មេបញ្ជាការនាវាកងទ័ពជើងទឹក អូស្រ្តាលី ក៏ទើបតែ បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ រួចហើយផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)