ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ស្នើឲ្យធនាគារ BBG បន្តពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនអតិថិជនធនាគារ ARDB

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសំណូមពរ ឲ្យធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេសជូនដល់អតិថិជនរបស់ ធនាគារ ARDB និងគាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ ។

សំណូមពររបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្ស និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពី លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។

ក្នុងឱកាសជំនួបនេះ បណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ ដល់ភាគី ធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អ ក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ ឆ្លងប្រទេស (ប្រចាំប្រទេសចិន) ជាមួយ ធនាគារ ARDB ។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានសំណូមពរឲ្យធនាគារ BBG បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនដល់អតិថិជនរបស់ ធនាគារ ARDB និង គាំទ្រដល់កិច្ចសហប្រតិបត្តិការ គម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ ។

ទន្ទឹមគ្នានេះលោកបណ្ឌិត ស្នើសុំឲ្យមានកម្មវិធី ផ្តាស់ប្តូរ បុគ្គលិករវាងធនាគារទាំងពីរដើម្បីសិក្សា និងស្វែងយល់ អំពីបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតក្រុមការងាររួម ដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិលើផលិតផលថ្មីៗបន្ថែមទៀតរបស់ធនាគារ ARDB និង BBG នៅថ្ងៃអនាគត។

ជាការឆ្លើយតប លោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BBG បានបង្ហាញការគាំទ្រ ចំពោះអ្វីដែល ភាគីខាង ARDB បានលើកឡើង ហើយលោកក៏បានបង្ហាញ នូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញអោយមានប្រសិទ្ធភាពការងារអោយកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីនេះ លោក Dongguo Li ក៏បានបង្ហាញនូវការតាំងចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ធនាគារ ARDB នៅកម្ពុជា អោយកាន់តែប្រសើរឡើង និងគាំទ្រ លើគំនិតផ្តួចផ្តើមបង្កើតក្រុមការងាររួមគ្នា សំដៅអាចឱ្យការសិក្សាគម្រោង បង្កើតផលិតផលថ្មីៗនានា របស់ធនាគារទាំងពីរ ផងដែរ។

សូមបញ្ជាក់ថា ធនាគារ GUANGXI BEIBU GULF BANK ( BBG) គឺជាធនាគារអន្តរការី ( Correspondent Bank) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិផ្ទេរ និងទូទាត់ប្រាក់ ប្រចាំប្រទេសចិន ជាមួយធនាគារ ARDB ៕

To Top