ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា នឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_15-53-50-1024x731.jpg)
ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ អ្នកតំណាងលោកស្រី នាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_15-53-54.jpg)
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធ ពាសពេញ ផ្ទៃប្រទេស ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោ ជាដើម ហើយបន្ថែមពីនេះ កម្ពុជា ក៏មានកម្លាំង ជាយុវជន វ័យក្មេងរហូតដល់៦០% ដែលអាចចូលរួមបញ្ចេញ សក្ដានុពល សម្រាប់ការអភិវឌ្ឍប្រទសជាតិ ក្នុងរយៈពេលយូរបន្ថែមទៀត។ ពិសេសជាងនេះ ប្រជាជនកម្ពុជា មួយចំនួនធំ នាពេលបច្ចុប្បន្ន ក៏អាចប្រើប្រាស់ភាសា បរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលនឹងផ្ដល់លទ្ធភាពខ្ពស់ សម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារ ផ្សេងៗ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_15-53-58-1024x682.jpg)
តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា នឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយ ផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ស្របតាមការតាំងចិត្តដ៏មោះមុត របស់រាជរដ្ឋភិបាល ដែលមានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ នឹងសម្របសម្រួលរាល់កិច្ចការងារ នានារបស់វិនិយោគិន ដែលមានគម្រោងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុន វិនិយោគនៅកម្ពុជាផងដែរ ៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_15-54-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-26_15-54-05-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)