ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ៖ ប្រតិបត្តិករមេត្រីបរិស្ថាន ជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ប្រតិបត្តិកររូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ គឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងមានការអភិវឌ្ឍរីចម្រើនដោយចីរភាព។

ក្នុងពិធីប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថានឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក រដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន និងវត្តអារាម និងបណ្តាដៃគូ ដែលបានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួលបាន ជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាលប្រគល់ជូន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមសាមគ្គីគ្នា បន្តបេសកកម្ម សំអាតផ្ទះរបស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើនឡើងថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជា ទាក់ទាញ អ្នកទេសចរណ៍ មកទស្សនាកម្ពុជាឱ្យកាន់តែច្រើន បន្តទៅទៀត។

«ក្រសួងបរិស្ថានតាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញយុទ្ធនាការស្អាត បៃតង ជាជំហានៗ ច្បាស់លាស់ ដែលត្រូវការការចូលរួមគាំទ្រពីទាំងអស់គ្នា ដើម្បីជាកម្លាំងចលករ ជំរុញល្បឿនឈានឆ្ពោះទៅមុខ ឆ្ពោះទៅរកភាពជោគជ័យជាបន្តទៀត» លោករដ្ឋមន្រ្តី មានប្រសាសន៍បន្ថែម។

សូមជម្រាបជូនថា ប្រតិបត្តិករដែលនឹងត្រូវទទួល បានបណ្ណសរសើរ មេត្រីបរិស្ថានក្នុងឆ្នាំ២០២៤ សរុបចំនួន ៥១៩ អង្គ/នាក់ ក្នុងនោះ មកពីគ្រប់វិស័យ ដែលរួមមាន វត្តអារាម សាលារៀនរដ្ឋ និងឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ បដិសណ្ឋារកិច្ច និងភោជនីយដ្ឋានជាដើម អាជ្ញាធរ និងសហគមន៍មូលដ្ឋាន៕

To Top