ព័ត៌មានជាតិ

លោក កត្តា អ៊ន លើកទឹកចិត្ត ឱ្យបងប្អូនកម្មករនិយោជិត ប្រើប្រាស់រថយន្តក្រុង ឥតគិតថ្លៃរបស់រដ្ឋ ដើម្បីធ្វើដំណើរ ទៅលេងស្រុក កំណើតអំឡុងពេលពិធីបុណ្យ ភ្ជុំបិណ្ឌ

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នេះបានអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ សូមប្រើប្រាស់រថយន្តក្រុង ឥតគិតថ្លៃរបស់រដ្ឋ ដើម្បីធ្វើដំណើរ ទៅលេងស្រុកកំណើត អំឡុងពេលពិធីបុណ្យ ភ្ជុំបិណ្ឌ នាសប្តាហ៍ក្រោយ ។

លោករដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ការប្រើប្រាស់រថយន្តក្រុង ដោយឥតគិតថ្លៃរបស់រដ្ឋ នេះគឺដើម្បីជួយកាត់បន្ថយថ្លៃ ចំណាយ របស់បងប្អូនកម្មករ និយោជិតចំពោះថ្លៃធ្វើដំណើរ ដោយរថយន្តតាក់សុី ។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុង ដោយឥតគិតថ្លៃ ដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។

លោករដ្ឋលេខាធិការ បន្ថែមថា ការរៀបចំឱ្យ មានរថយន្តក្រុងឥតគិតថ្លៃ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ទៅលេងស្រុកកំណើត អំឡុងពេលភ្ជុំបិណ្ឌនេះ ធ្វើឡើងរៀងរាល់ឆ្នាំ និងបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀត របស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតទាំងអស់ ក្នុងការជួយកាត់បន្ថយចំណាយលើថ្លៃ រថយន្តធ្វើតំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោករដ្ឋលេខាធិការក៏បានអំពាវនាវ ដល់ កម្មករ-និយោជិត ដែល ត្រូវធ្វើ ដំណើរ ទៅ ស្រុកកំណើត ចូលរួម ក្នុង ពិធីបុណ្យ ភ្ជុំបិណ្ឌ ខាងមុខ ត្រូវ យកចិត្តទុកដាក់ ថែទាំ សុខភាព ឱ្យបាន ល្អ ពិសេស បើកបរ ត្រូវ គោរពច្បាប់ចរាចរណ៍ ដើម្បីធានាបានសុខ សុវត្ថិភាព ទាំងទៅ និង ត្រឡប់ មកធ្វើការងារ វិញ ។

គួរបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីបុណ្យ ភ្ជុំបិណ្ឌ ខាងមុខនេះក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសឱ្យកម្មករ- និយោជិតទាំងអស់ ទទួបានការឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១ ដល់ ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរថយន្តក្រុងប្រមាណជាង៤៩៧ គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករនិយោជិត ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា និងពីតាមបណ្តាខេត្តនានា ត្រឡប់មករាជធានីភ្នំពេញវិញ៕

To Top