ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ប្រកាសទទួលស្គាល់ ខេត្តសៀមរាបជាខេត្តទី១០ ដែលទទួលបានជ័យលាភីបញ្ចប់ ការបន្ទោបបង់ ពាសវាលពាសកាល

ខេត្តសៀមរាប ៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ខេត្តសៀមរាបជាខេត្តទី១០ ដែលទទួលបានជ័យលាភីបញ្ចប់ ការបន្ទោបបង់ពាសវាលពាសកាល (ODF)។

ជាកិច្ចចាប់ផ្តើមលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានធ្វើរបាយការសង្ខេប ស្តីពីសមិទ្ធិផល និងកិច្ចខិតខំប្រឹងប្រែង ដើម្បីលប់បំបាត់ការបន្ទោបង់ ពាសវាលពាសកាល ក្នុងខេត្តសៀមរាបទាំងមូួល រហូតទទួលបានជ័យលាភីដូចពេលនេះ។

បន្ទាប់មកលោក ហង់ហ៊ី ប៊ុណ្ណា តំណាងអង្គការភ្លែនអន្ដរជាតិ បានអានរបាយការណ៍ដោយបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការណ៍ និងចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍បង ក៏ដូចជារដ្ឋបាលខេត្ត ក្នុងការសម្រេចបានជោគជ័យតាមផែនការ និងប្តេជ្ញាក្នុងការប្រែក្លាយ ខេត្តផ្សេងទៀត ដែលមិនទាន់ទទួលបាន ODF ឲ្យទទួលបានក្នុងពេលខាងមុខ ។

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោក ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល និងបានលើកឡើងពីសមិទ្ធផល ជោគជ័យដ៏ត្រចះត្រចង់ ក្រោមការបន្តវេនដឹកនាំប្រទេសដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោករដ្ឋមន្រ្ដី បានបន្តទៀតថាដើម្បីចូលរួមអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួន ក្នុងការលើកម្ពស់គុណភាព និង គុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានដាក់ចេញនូវគោលដៅអាទិភាពចំនួន៤ ដោយក្នុងនោះការលើកកម្ពស់អនាម័យ និងទឹកស្អាតជនបទ ជាអាទិភាពមួយក្នុង ចំណោមអាទិភាពទាំង៤ផងដែរ។

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តសៀមរាប អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធ ដែលប្រឹងប្រែងសម្រេចបានខេត្តសៀមរាប ជាខេត្តទី១០ដែលបានទទួលជ័យលាភី បញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល នាពេលនេះ ។

គួរបញ្ជាក់ជូនផងដែរថា ខេត្តសៀមរាបជាខេត្តជ័យលេភីទី១០ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី ហើយក្នុងឆ្នាំ២០២៤នេះ ក្រសួងមានផែនការសម្រេចឲ្យបានខេត្តចំនួន ៣ទៀត ជាខេត្តបញ្ជប់ការបន្ទោបង់ពាសវាលពាលកាល ដែលរួមមាន ខេត្តត្បូងឃ្មុំ តាកែវ និងខេត្តស្ទឹងត្រែង ៕

To Top