ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងនូវក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងជប៉ុន អាចសហការរួមគ្នា ដើម្បីជួយនាំមីយ៉ាន់ម៉ាមករកភាពល្អប្រសើរឡើងវិញ។
ក្នុងឱកាសទទួលជួប លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយដែលលោកស្រីមិនភ្លេចកម្ពុជា ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេច សង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះ បង្ហាញឱ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាង ដែលជប៉ុនបានជួយកម្ពុជា។
លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាល បុត្រាបុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេស។
លោកស្រីបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ច មកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ មានគោលដៅ ជំរុញនិងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។
លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ និងការលើកទឹកចិត្តឱ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាពផងដែរ។
លោកស្រីបានបន្តថា មានការស្នើឱ្យធ្វើជាគម្រោងស្រាវជ្រាវផ្តោតលើករណីសិក្សារបស់ប្រទេសនីមួយៗទាំង១០ក្នុងអាស៊ាន ដែលផ្តើមចេញពីកម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន បន្ទាប់មកនឹងមានការចូលរួម ពីខាងសហរដ្ឋអាមេរិក ដោយសារតែសាកលវិទ្យាល័យ Georgetown មានកម្មវិធីសិក្សាអំពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដ៏រឹងមាំមួយ។
លោកស្រីសាស្ត្រាចារ្យ បានកោតសរសើរសម្ដេចតេជោដែលបាន ប្រឹងប្រែងកន្លងមក ក្នុងការជួយដល់មីយ៉ាន់ម៉ា ជាពិសេស តាមរយៈដំណើរទស្សនកិច្ច របស់សម្ដេចតេជោនាពេលកន្លងទៅនោះ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យលោកស្រីដែលបានរំលឹកអំពីអនុស្សាវរីយ៍ ដែលសម្ដេចបានផ្ដល់បទសម្ភាសន៍ជាមួយលោកស្រីសាស្ត្រាចារ្យ កាលពីជាង២០ឆ្នាំកន្លងទៅ ហើយការអញ្ជើញមកពេល នេះ លោកស្រី បានឃើញ ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តមកដល់អាណត្តិថ្មីដែលជាអ្នកបន្តវេននេះ ខុសពី២០ឆ្នាំមុនពេលដែលប្រទេសយើងទើបចាកផុតពីសង្គ្រាម និងទើបតែចូលជាសមាជិកអាស៊ាន ហើយនៅពេលបច្ចុប្បន្ន អគ្គលេខាធិការអាស៊ាន ជាជនជាតិខ្មែរផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី សម្តេចមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី ។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថា ប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។
សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើន ប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។
សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រី ជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង យើងមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។
សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។
សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ព ស្ត្រី នៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ និងលោកស្រីសាស្ត្រាចារ្យ ក៏បានពិភាក្សាគ្នាផងដែរលើការជួយដោះស្រាយ បញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា។
សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះលោក Sasakawa ប្រេសិតពិសេសរបស់ជប៉ុនសម្រាប់ការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា។
សម្ដេចតេជោ បានសម្ដែងនូវក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងជប៉ុន អាចសហការរួមគ្នា ដើម្បីជួយនាំមីយ៉ាន់ម៉ាមករកភាពល្អប្រសើរឡើងវិញ។
សម្តចតេជោ ក៏បានស្នើឱ្យជប៉ុន ពិនិត្យលទ្ធភាព ក្នុងការផ្តល់ជំនួយលើផ្លូវមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ចំពោះគ្រោះមហន្តរាយ នាពេលថ្មីៗនេះ។
សម្ដេចតេជោ ក៏បានជម្រាបពីការងារអាទិភាព របស់ព្រឹទ្ធសភារួមមាន ការធ្វើបច្ចុប្បន្នភាពនិងគយនេយ្យភាព របស់អង្គបោះឆ្នោត និងការរួមចំណែកលើកិច្ចការបរទេស តាមរយៈការទូតសភា៕