កំពង់ចាម ៖ លោក បាន ស្រេង អភិបាលរងស្រុកស្ទឹងត្រង់ ត្រូវបានប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកស្ទឹងត្រង់ ជំនួស លោក ទុន ណេត ដែលត្រូវបានផ្លាស់ទៅ ទទួលតំណែងជាអភិបាលស្រុក កំពង់សៀម ។
ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងនារសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
អភិបាលខេត្ត ក៏បានយកឱកាសនោះ ផ្តាំផ្ញើរ សូមឱ្យលោកអភិបាលស្រុក ទើបតែទទួលតំណែងថ្មី សូមឱ្យមានសិល្បៈក្នុងការគ្រប់គ្រង ដោយភាពទទួលខុសត្រូវ និងចេះចែករំលែកការងារ ដល់អភិបាលរងស្រុក ដើម្បីធ្វើការ ក្នុងនាមជាសេនាធិការ និងរួមទទួលខុសត្រូវទាំងអស់គ្នា ដើម្បីនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់សង្គមជាតិ ដល់មូលដ្ឋានប្រជាពលរដ្ឋ របស់យើង ទាំងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទាំងការផ្ដល់សេវាសាធារណៈ ក៏ដូចជាការងារដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ៕