ព័ត៌មានជាតិ

សន្និសីទស្ដីពីការផ្ទេរបច្ចេកវិទ្យា និង កិច្ចសហប្រតិបត្តិការនវានុវត្តន៍អន្តរជាតិ​ សម្រាប់អាស៊ានឆ្នាំ២០២៤ បើកនៅទីក្រុងណាននីង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា សន្និសីទស្ដីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍អន្តរជាតិ សម្រាប់អាស៊ានឆ្នាំ២០២៤ (ខាងក្រោមហៅកាត់ថា “សន្និសីទ”) ដែលរៀបចំដោយមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និងនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីប្រទេសចិន បានបើកនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីប្រទេសចិន។

ក្នុងថ្ងៃកម្មវិធី កិច្ចសហប្រតិបត្តិការសម្រាប់អាស៊ានមួយចំនួន ត្រូវបានចុះហត្ថលេខាក្នុងពិធីបើកសន្និសីទនេះ រួមមានលទ្ធផលកិច្ចសហប្រតិបត្តិការពហុវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រភេទធំៗចំនួនបីគឺ ប្រភេទយន្តការសហប្រតិបត្តិការផ្ទេរបច្ចេកវិទ្យាទ្វេភាគី ប្រភេទការកសាងវេទិកា និងប្រភេទកិច្ចសហប្រតិបត្តិការធនធាននវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀតនូវការអភិវឌ្ឍរួមបញ្ចូលគ្នា នៃស្ថាប័នច្នៃប្រឌិតចិន-អាស៊ាន។ នៅក្នុងពិធីបើក ក៏បានប្រារព្ធធ្វើពិធីប្រគល់ពានរង្វាន់ នៃការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានលើកទី២ ព្រមទាំងបើកដំណើរការការប្រកួតប្រជែងគំនិតច្នៃប្រឌិត និងសហគ្រិនចិន-អាស៊ានលើកទី៣ ដោយផ្តោតលើការកែលម្អសមត្ថភាពច្នៃប្រឌិតនៃតំបន់ចិន-អាស៊ាន។

ក្នុងអំឡុងពេលសន្និសីទនេះ ក៏មានប្រារព្ធធ្វើសកម្មភាព ជំរុំគំនិតច្នៃប្រឌិត និងសហគ្រិនភាពចិន-អាស៊ានដំណើរប្រទេសចិន ដើម្បីបង្កើនការផ្លាស់ប្តូរយុវជន ការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍រវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានផងដែរ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សន្និសីទឆ្នាំនេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា បច្ចេកវិទ្យាបៃតង និងបញ្ញាសិប្បនិមិត្ត ហើយនឹងរៀបចំពិធីបើក និងវេទិកាសំខាន់នៃសន្និសីទនេះ វេទិកាអ្នកវិទ្យាសាស្ត្រវ័យក្មេង១០+៣លើកទី៦ សន្និសីទកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត សម្រាប់អាស៊ានឆ្នាំ២០២៤ ការផ្គូផ្គងបច្ចេកវិទ្យាចិន-អាស៊ាន និងសកម្មភាពជាបន្តបន្ទាប់ផ្សេងៗទៀត។ ពិព័រណ៍បច្ចេកវិទ្យាទំនើបនៃពិរព័រណ៍ចិន-អាស៊ានលើកទី ២១ ត្រូវបានប្រារព្ធឡើងក្នុងពេលតែមួយ។ តាមរយៈ “សន្និសីទមួយ និងការតាំងពិព័រណ៍មួយ” ភាគីរៀបចំប្រមូលផ្តុំនូវប្រាជ្ញាពីគ្រប់ភាគី រួមផ្សំជាមួយនឹងគំនិតថ្មីៗ រួមគ្នាគូរវាសរូបភាពនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងរួមចំណែក ក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-អាស៊ាន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

To Top