ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខួយ រីដា នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញ ជួបសំណេះសំណាល និង ផ្តល់ជូននូវថវិការ ព្រមទាំងអង្ករមី ជូនដល់មន្រ្តីរាជការ ដែលបម្រើការងារ នៅសាលាខេត្ត រាប់ទាំងមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្សា បុគ្គលិកហាត់ការ និង កម្លាំងការពារសន្តិសុខ សរុបចំនួន ២១៨ នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤ ។
លោកអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្នុងយន្តការដឹកនាំ និង គ្រប់គ្រងរដ្ឋបាលខេត្ត របស់លោក បានរយះពេលជិត ២ ឆ្នាំមកនេះៗជាលើកទី ៤ ហើយដែលលោក បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ដែលបម្រើការងារនៅ សាលាខេត្តក្នុងគោលបំណងសម្តែង នូវវប្បធម៌ចែករម្លែកបង្ហាញ ការស្និតស្នាលរាក់ទាក់ គោរពស្រលាញ់ជួយគ្នាទៅវិញទៅមក ដូចជាគ្រួសារតែមួយ ជាពិសេសក្នុងរដូវកាន់បិណ្ឌ និង បុណ្យភ្ជុំ និង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែររបស់យើងដ៍ល្អផូរផង់ ។
ជាការពិតណាស់ មន្ត្រីរាជការទាំងក្របខ័ណ្ឌ ទាំងមន្ត្រីជាប់កិច្ចសន្យា ទាំងបុគ្គលិកហាត់ការ ទាំងកម្លាំងការពារសន្តិសុខ ទាំងមន្ត្រីចូលនិវត្តន៍ធ្លាប់បានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបម្រើការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន និង ធ្វើជាសេនាធិការអោយ ក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត ដែលជាក្បាលម៉ាសុីនដឹកនាំ នូវរាល់កិច្ចការទាំងអស់ នៅក្នុងរដ្ឋបាលខេត្ត រហូតទទួលបាន លទ្ធផលដ៍ល្អប្រសើរ និង មានការកោតសរសើរ ពីថ្នាក់ជាតិច្រើនឡើងៗ ផងដែរ ។ លោកអភិបាលខេត្តបានមានប្រសាសន៍បន្តថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវតែមានចិត្ត អោយទូលំទូលាយ ហើយមុឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុងល្អ និង មានទំនាក់ទំនងល្អ ជាមួយមន្ទីរ ស្ថាប័ននានា រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់លើការបម្រើសេវា សាធារណះអោយមានភាព រលួនជូនប្រជាពលរដ្ឋ ទូទៅអោយបានល្អប្រសើរ ។
អ្វីដែលយើងយកចិត្តទុក ដាក់ពីពេលនេះ និង ទៅថ្ងៃខាងមុខ គឺផ្តោតសំខាន់ លើការជម្រុញការបណ្តុះបណ្តាល ការអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម គោរពច្បាប់ គោរពវិន័យ ទម្លាក់ចោលនូវភាពអសកម្មនានា ដើម្បីក្លាយជាកម្លាំងចលករ ក្នុងការចូលរួមអភិវឌ្ឍន៍ ខេត្តរបស់យើង អោយមានការរីកចម្រើន ។
ជាមួយគ្នានោះ លោកខួយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍ បានមានប្រសាន៍សង្កត់ធ្ងន់ថា ដោយសារកត្តាសុខសន្តិភាពនេះ ហើយគឺបានផ្តល់ ឱកាសអោយយើង បានប្ររព្ធពិធីបុណ្យភ្ជុំបិណ្ឌ និង បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និង បុណ្យផ្សេងៗទៀត បង្ករលក្ខណះអោយប្រជាពលរដ្ឋទូទាំងនគរបានជួបជុំគ្រួសារ ធ្វើបុណ្យ ធ្វើទាន និង ដើរលេងកម្សាន្តនៅគ្រប់ទិស ទីយ៉ាងសប្បាយរីរាយ ។
ជាមួយគ្នានោះដែរ ជាការលើកទឹកចិត្ត ចំពោះមន្ត្រីក្រោមឱវាទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៤នេះ លោកអភិបាល ខេត្តពោធិ៍សាត់ ក៍បានផ្តល់នូវថវិកា ជូនមន្ត្រីរាជការក្នុងក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការ កម្លាំងការពារ សន្តិសុខ សរុបចំនួន ២១៨ នាក់(ក្នុងម្នាក់ៗថវិកាចំនួន ៤០ មុឺនរៀល អង្ករចំនួន ២៥ គីឡូក្រាម និង មីចំនួន ១ កេស)៕