ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកទឹកចិត្តដល់សមាគម សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀត ដើម្បីបណ្ដាក់ទុនវិនិយោគ នៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានាថ្ងៃទី២៧ កញ្ញានេះ សម្ដេចធិបតីបានថ្លែងអំណរគុណ ចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាង ផ្លូវ ក្រវាត់ ព្រំដែន។
សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដី សង្គមកិច្ចដល់ប្រជាជនដែលខ្វះដី ពិត ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាង លើកិច្ចការបោះបង្គោលព្រំដែន។
ទន្ទឹមនេះ សម្ដេចធិបតី ក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា សមាគមសម្ព័ន្ធ ខ្មែរ-ចិននៅកម្ពុជា ដែលតែងមាន ភាពជឿជាក់ និង ទំនុកចិត្ត ក្នុង ការបោះទុនវិនិយោគនៅកម្ពុជា ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា វិស័យឯកជនជាដៃគូ មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និង ការបង្កើតការងារ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគ ប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន ។
សម្តេចក៏បាន លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀត ដើម្បីបណ្ដាក់ទុនវិនិយោគ នៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន៕