ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា កម្ពុជា-ចិន នឹងកៀកស្មាការពារគ្នា រាល់ការមាក់ងាយ ឬរំលោភបំពាន ពីក្រុមអមិត្ត។
តាមរយ:គណនីហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា កម្ពុជា- ចិន គឺជាមហាមិត្តដែលបានស្ថាបនា ពូនប្រជុំ ដោយ សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ បន្តមកដល់ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនិងបន្តដល់មេដឹកនាំជំនាន់ទី៣នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត។
លោក សយ សុភាព បន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-ចិន គោរពអធិបតេយ្យគ្នា ទៅវិញទៅមកជួយគ្នា គ្រប់កាលៈទេសៈ។យើងជាបងប្អូននឹងគ្នា។
លោកសយ សុភាព គូសបញ្ជាក់ថា «បើនរណាម្នាក់ត្រូវបានគេមើលងាយ ឬរំលោភបំពានដោយប្រការណាមួយ យើងនឹងកៀកស្មាការពារគ្នា មិនថាមកពីជិតឬឆ្ងាយទេ »។
លោក សយ សុភាព សង្កត់ធ្ងន់ថា «សូមគោរពកម្ពុជា ជាប្រទេសឯករាជ្យ កុំចាប់ដៃជាន់ជើង។ កម្ពុជាប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្យ ពហុមតិ គ្មានបរទេសណាមកកៀបសង្កត់ ឬបង្ខំឱ្យគោរពនូវអ្វី ដែលអ្នកឯងចង់បានទេ។ កុំមកលួងលោម ហើយយកជើងមកសង្កត់ជាន់ឈ្លី»៕