ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងវិទ្យាស្ថាន CDRI ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI បានពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។

ភាគីទាំងពី បានលើកឡើងបែបនេះ នាឱកាស លោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំពី លោករដ្ឋមន្រ្តី សម្រាប់ជាធាតុចូលនៅក្នុងផែនការយុទ្ធសាស្រ្តស្រាវជ្រាវគោលនយោបាយអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) របស់វិទ្យាស្ថាន CDRI នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ស្របនឹងការលើកឡើងនេះ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមអំពី យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ហើយតាមរយៈការងារអាទិភាពទាំងនេះ ក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជោគជ័យជាបន្តបន្ទាប់ទៅតាមជំហាននីមួយៗ ដែលមានភាពប្រាកដនិយម និងជាក់លាក់ក្នុងនោះ គឺមានការគាំទ្រពីប្រជាពលរដ្ឋជាង ៩លាន ៦សែនអង្គ/នាក់ និងមានប្រជាពលរដ្ឋជាង ៣លាននាក់ចូលរួមសម្អាត នៅក្នុងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន។

លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI និងគណប្រតិភូ បានសម្តែងនូវការអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីនូវកិច្ចសហប្រតិបត្តិការនេះ និងបានថ្លែងកោតសរសើរចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបាន។

សូមជម្រាបជូនថា វិទ្យាស្ថាន CDRI ជាអង្គការមិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណូល និងបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តីចុះថ្ងៃទី ៤ ខែកក្កដា ឆ្នាំ១៩៩០ ដោយលោកស្រី អេវ៉ា មីស្លីវីក ជាស្ថាបនិក និងឯកឧត្តមបណ្ឌិត ជា ចាន់តូ ជាប្រធានកិត្តយសក្រុមប្រឹក្សាភិបាល៕

To Top