ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំបក្សកុម្មុយនីស្តចិន ដែលមានប្រធានរដ្ឋចិន Xi Jinping ជាស្នូល ប្រទេសចិននឹងទទួលបាន នូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការសម្រេចបានគោលដៅ ១០០ឆ្នាំទី២ គឺការកសាងប្រទេសចិន ឱ្យក្លាយជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩ ដែលនឹងក្លាយជាខួប១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ការលេីកឡេីងរបស់លោកឧបនាយករដ្ឋមន្ត្រី ខាងលេីនេះ ធ្វេីឡេីងក្នុងពិធីអបអរសាទរ ខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា “បច្ចុប្បន្ន ចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ របស់ពិភពលោក”។
ជាមួយគ្នានេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលេីកឡេីង អំពីភាពជោគជ័យនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៧៥ឆ្នាំមកនេះ ដែលមានការប្រែប្រួលមុខមាត់ដ៏ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន។
លោកទូតជឿជាក់ថា ការរីកចម្រើនរបស់ចិន នឹងជំរុញបុព្វហេតុចំណងមិត្តភាព រវាងចិននិងកម្ពុជា ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណដ៏ស្មោះត្រង់។
លោក Wang Wenbin បានគូសបញ្ជាក់ថា ស្ថានទូតចិននឹងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នរបស់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀត។ ភាគីចិននឹងផ្តល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងការសម្រេចបាន នូវចក្ខុវិស័យ ឆ្នាំ២០៣០ និង ចក្ខុវិស័យ ឆ្នាំ២០៥០ ហើយសហការជាមួយភាគីកម្ពុជាដើម្បីកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី ដែលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់បំផុត៕