ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានមានប្រសាសន៍ថា ៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយ ក្នុងការលើកកម្ពស់ការយល់ដឹង របស់សាធារណជន ចំពោះផលប៉ះពាល់ នៃ ការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និង ការពារ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងការលើកកម្ពស់ ការយល់ដឹង អំពីការពិសាគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា ជំហានថ្មីនេះ បង្ហាញពីការបន្តការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ចំពោះសុខសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ ដែលជាផ្នែកដ៏សំខាន់មួយក្នុង ការទទួលបានសុខុមាលភាពសង្គម និងនិរន្តរភាព នៃឧស្សាហកម្មគ្រឿងស្រវឹង នៅកម្ពុជាប្រកបដោយភាពវិជ្ជមាន។
នៅក្នុងឱកាសនោះ លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា «ភាពជាដៃគូនេះ គឺជាបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះ ZERO Irresponsible Drinking និង International Alliance for Responsible Drinking (IARD)»។
លោកបានបន្តទៀតថា «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយ ចំពោះការបង្កើតវប្បធម៌ពិសា គ្រឿងស្រវឹង ដោយរីករាយ និងសុវត្ថិភាព។ ក្រុមហ៊ុន ដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ ក្នុងការបង្ហាញពីរបៀប ដែលយើងអាចរួមគ្នាជំរុញ ការពិសា ដោយទំនួលខុសត្រូវ ជាពិសេសនៅ ពេលនិយាយ អំពីការបើកបរក្នុងស្ថានភាពស្រវឹង ស្ត្រីមានផ្ទៃពោះ និងអនីតិជន។ ការណ៍នេះ យើងគាំទ្រទាំងស្រុង ឱ្យមានការកំណត់អាយុអប្បបរមា សម្រាប់អ្នកប្រើប្រាស់គ្រឿង ស្រវឹងនៅកម្ពុជា ហើយយើងក៏បានសហការជាសម្ព័ន្ធ ឧស្សាហកម្មគ្រឿងស្រវឹង រួមគ្នាបង្កើតក្រមប្រតិបត្តិស្តីពីការធ្វើទីផ្សារ និងប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្ម ដោយការទទួលខុសត្រូវ លើផលិតផលគ្រឿង ស្រវឹង សម្រាប់ជាគោលការណ៍ និងការអនុវត្តល្អបំផុតក្នុង ឧស្សាហកម្មគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា»។
ក្រៅពីភាពជាដៃគូជាមួយ ហ្រ្គេប និងដៃគូអាជីវកម្មសំខាន់ៗ របស់ កាសស្ប៊ែរ Vladimir ក៏បានបង្ហើបអំពីទិសដៅថ្មី នៃការធ្វើទីផ្សារ របស់ខ្លួន ស្របតាមការប្តេជ្ញាចំពោះការការពារអ្នកប្រើប្រាស់ តាមរយៈនវានុវត្តន៍ និងនិរន្តរភាព។ ពោលគឺ ក្រុមហ៊ុន នឹងប្រើប្រាស់ម៉ាក សញ្ញាស្រាបៀរ ទាំងអស់របស់ខ្លួន ធ្វើជាគំរូឧទាហរណ៍ឈានមុខគេមួយ នៅក្នុងការផ្សព្វផ្សាយលើកកម្ពស់ការពិសា ដោយការទទួលខុសត្រូវនៅក្នុងទីផ្សារ ។ ដើម្បីបញ្ជាក់ពីគោលជំហរ មិនគាំទ្រដល់ការជំរុញ ឱ្យមានការពិសាគ្រឿងស្រវឹង ក្នុងបរិមាណលើសលប់ ម៉ាកសញ្ញា Carlsberg នឹងត្រូវប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីអាកប្បកិរិយា នៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។ យុទ្ធនាការថ្មីរបស់ម៉ាកសញ្ញា Carlsberg នៅក្នុងខែកញ្ញានេះ គឺជាសក្ខីភាពបញ្ជាក់ អំពីគោលដៅថ្មីនៃយុទ្ធសាស្ត្រទីផ្សារ និងជាគំរូភាពលើការឱ្យតម្លៃ លើសុវត្ថិភាព និងពេលវេលាដ៏មានគុណភាព ជៀសជាងបរិមាណដែលនឹងទទួលទាន ក្រោមសារ «ពិសាដោយរីករាយ ពិសាក្នុងបរិមាណសមស្រប»។
លោក កង សុវណ្ណារ៉ូត «Mike» នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹង ប្រកបដោយការ ទទួលខុសត្រូវ ក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ ដោយសារការបើកបរ ក្នុងស្ថានភាព ស្រវឹង នៅក្នុងប្រទេសរបស់យើង ។ យើងជឿជាក់ថា រាល់ការអបអរ ឬការប្រារព្ធកម្មវិធីនានា គួរតែបញ្ចប់ទៅ ដោយភាពរីករាយ និងមានសុវត្ថិភាព។ ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែង រួមគ្នារបស់យើងនេះ យើងសង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»។
យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ(#CelebrateResponsly) គឺជាយុទ្ធការថ្នាក់តំបន់របស់ Carlsberg ដែលដឹកនាំដោយ កាសស្ប៊ែរប្រចាំតំបន់អាស៊ី ដោយផ្តោតលើទីផ្សារ គោលដៅសំខាន់ៗមួយចំនួនក្នុងតំបន់ រួមទាំងសាំងហ្គាពួរ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ផងដែរ។ តាមរយៈយុទ្ធនាការនេះ Carlsberg កំពុងបន្តបោះជំហ៊ានចូលក្នុងប្រព័ន្ធ អេកូឡូស៊ីនៃការផ្សព្វផ្សាយ ដើម្បីផ្តល់សារអំពីសារៈសំខាន់ នៃការប្រើប្រាស់គ្រឿង ស្រវឹង ដោយទទួលខុសត្រូវ ឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធឌីជីថល ពាណិជ្ជកម្ម អេឡិចត្រូនិច និងការផ្សព្វផ្សាយនៅក្នុងហាងដៃគូ ។ ប្រទេសកម្ពុជា ត្រូវបានកំណត់ជាទីតាំង សម្រាប់ប្រារព្ធពិធីប្រកាស យុទ្ធនាការថ្នាក់តំបន់នេះជាផ្លូវការ ហើយគេរំពឹងថា យុទ្ធនាការនេះនឹងមានការចូលរួម និង បញ្ច្រាបដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកបើកបរ អ្នកដឹកជញ្ជូន អាជីវករ ពាណិជ្ជករ អ្នកអប់រំ អាណាព្យាបាល អ្នកអនុវត្តច្បាប់ និងជាគំរូសម្រាប់មនុស្ស ទូទាំងតំបន់៕