ភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំ របស់ លោកឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរ ឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត ។ កាន់តែជាពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះ សិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-41-41-1024x576.jpg)
អ្នកនាំពាក្យរងរូបនេះ បានបន្តលើកទឹកចិត្ត ដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្ក លក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ឈ្មុល រុលទៅមុខ ដោយបំពានគន្លងផ្លូវនោះឡើយ ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-41-45-1024x576.jpg)
ទន្ទឹមនេះ លោក ក៏បានផ្ញើសារអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា តាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចាចរណ៍»។ លោកបន្តថា ការរួមគ្នាគោរពច្បាប់ចរាចរណ៍ គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្នុងស្មារតីការពារជីវិត ដោយត្រូវពាក់មួកសុវត្ថិភាព និង ត្រូវបើកក្នុងជំហរប្រុងប្រយ័ត្នជានិច្ច ប្រកាន់សុជីវធម៌យោគយល់ អធ្យាស្រ័យឱ្យគ្នា ទៅវិញទៅមក។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-41-49-1024x576.jpg)
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរទាំងស្រវឹងជាដាច់ខាត។ ជារួមលោកកត់សម្គាល់ថា ក្នុងរយៈពេលនេះ អាចមានប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត បងប្អូនធ្វើដំណើ ទៅវត្តអារាម ក្រុមយុវជនបើកបរជាក្រុមៗតាមដងផ្លូវទៅវត្តឬដើរលេង ជាពិសេសតាមផ្លូវដែលមានទីប្រជុំជន មានផ្សារ មានវត្តអារាម គឺសុទ្ធតែមានចរាចរណ៍មមាញឹក គប្បីបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-41-53-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_12-41-57-576x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)