កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ នាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ផ្ដល់ជូនពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៦គ្រួសារ នៅភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំង ធ្វើអោយផ្ទះ ៦ខ្នង ក្នុងភូមិអូរប្រាំទី១-ភូមិអណ្តូងស្វាយ ឃុំព្រែកកក់ និង ក្នុងភូមិហុងប្រម៉ា ឃុំដងក្តារ បានរបើកសង្កសី និងរបើកក្បឿង រងផលប៉ះពាល់កម្រិតស្រាល ។
ក្នុងឱកាសសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយ ជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ជាមួយគ្នានោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញ មកផ្ទាល់ ក៏សម្តេច តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋយើងទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាលទាំង ៦គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១០កំប៉ុង -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ- ឃីត ១សម្រាប់ និង ថវិកា ១០០,០០០ រៀល ៕