ភ្នំពេញ: ប្រតិភូតំណាងអង្គការសប្បុរសធម៌ខ្វនថឹម (Quantum Charity )ដឹកនាំដោយលោក អ៊ុង គង្គា និងសហការី ៩នាក់ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បាននាំយកថវិការ ចំនួន១មុឺនដុល្លាអាមេរិក មកបរិច្ចាគជូនអង្គការ ស្នាមញញឹមកម្ពុជា Smiling Cambodia។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_15-47-30-1024x768.jpg)
ការប្រគល់-ទទួលមូលប្បទានប័ត្រនេះ ធ្វើឡើងនៅក្នុងកម្មវិធីជប់លៀង មួយរៀបចំដោយលោក Chen GuoCai ប្រធានក្រុមប្រឹក្សាភិបាល អង្គការស្នាមញញឹមកម្ពុជា។
នេះជាការបរិច្ចាគដើម្បីគាំទ្រ សកម្មភាពមនុស្សធម៏ របស់អង្គការស្នាមញញឹមកម្ពុជា ក្នុងការវះកាត់បបូរមាត់ឆែប ដោយ ឥតគិតថ្លៃជូនកុមារ ដែលមានបបូរមាត់ឆែបនៅកម្ពុជា ដើម្បីអោយកុមារ ដែលមានបបូរមាត់ឆែប ទទួលបាន នូវស្នាមញញឹម និងអនាគតល្អឡើងវិញ ពេញមួយជៅវិត។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_15-47-33-1024x646.jpg)
លោក អ៊ុង គង្គា តំណាងអង្គការសប្បុរសធម៌ខ្វនថឹមមានប្រសាសន៍ថា “បបូរមាត់ឆែបមិនគ្រាន់តែជាជំងឺផ្លូវកាយប៉ុណ្ណោះទេ តែប្រសិនបើកុមារដែលមានបបូរមាត់ឆែប មិនបានទទួលបានវះកាត់ទាន់ពេល កុមារនោះនឹងប្រឈមមុខ នឹងបញ្ហាផ្លូវចិត្តនៅពេលពួកគេធំឡើង ដោយសារតែបញ្ហាផ្ទៃមុខ ដែលមិនអាចលាក់បាំងបាន។
ការយកចិត្តទុក ដាក់យ៉ាងសកម្ម ចំពោះកុមារដែលមានបបូរមាត់ឆែប មានសារៈសំខាន់ណាស់ គឺជួយពួកគេឱ្យ ទទួលបានការវះកាត់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នឹងធ្វើអោយពួកគេ មានឱកាសរស់នៅក្នុងជីវភាពធម្មតា គឺផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់ពួកគេឡើងវិញ ពេញមួយជីវិត។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_15-47-41-1024x768.jpg)
លោកមានប្រសាសន៍ថា អង្គការសប្បុរសធម៌ខ្វនថឹម នឹងពិនិត្យ លទ្ធភាពបន្តផ្តល់ជំនួយ ដើម្បីគាំទ្រសកម្មភាព មនុស្សធម៌របស់អង្គការ ស្នាមញញឹមកម្ពុជាបន្ថែមទៀត ។
«យើងផ្តល់ជំនួយ ដោយឥតគិតថ្លៃ ដើម្បីគាំទ្រសកម្មភាព សុខុមាលភាពសាធារណៈ រួមមានការបរិច្ចាគ ថវិការ ជួយអ្នកជំងឺកុមារនៅមន្ទីរពេទ្យ ជួយជនរួមជាតិដែលខ្វះខាត -អ្នកជម្ងឺធ្ងន់ធ្ងរ-មណ្ឌលថែទាំមនុស្សចាស់។ល។ និងបរិច្ចាគថវិកាសាងសង់អគារសិក្សានៅតំបន់ជនបទដាច់ស្រយាល ដើម្បីផ្តល់ការគាំទ្រខាងវប្បធម៌ និងការអប់រំ»។
អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ពីមុនត្រូវបានគេស្គាល់ថាជាOperation Smile Cambodia បង្កើតឡើងក្នុងឆ្នាំ២០០២ ដោយលោកជំទាវវេជ្ជបណ្ឌិត ពេជ្រ ច័ន្ទមុនី ភរិយាសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគម្រោងនេះផ្តោតលើការវះកាត់បបូរមាត់ឆែប និងមុខ ជាអង្គការវេជ្ជសាស្ត្រសប្បុរសធម៌ ដែលផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺ។
![](https://dap-news.com/wp-content/uploads/2024/09/photo_2024-09-29_15-47-45-1024x768.jpg)
នៅខែមិថុនា ឆ្នាំ ២០១៥ប្រតិបត្តិការSmile Cambodia Foundation ត្រូវបានប្តូរទៅជាអង្គការSmile Cambodia ហើយបានក្លាយជាសមាជិកស្ថាបនិកនៃអង្គការស្នាមញញឹមអាសុី(Smile Asia)។
អង្គការSmile Cambodia មានមជ្ឈមណ្ឌលវះកាត់Smile Centerនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រាជធានីភ្នំពេញ ដែលផ្តល់ការព្យាបាលវះកាត់ផ្នែកសុខុមាលភាព សាធារណៈដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺ ដែលមានបបូរមាត់ឆែប និងផ្ទៃមុខពេញមួយឆ្នាំ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)