ព័ត៌មានជាតិ

សម្ដេចធិបតី៖ ជោគជ័យរបស់ព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា ។

ក្នុងជំនួបជាមួយសំណេះសំណាល លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000នេះ ព្រមទាំងបានថ្លែងអំណរគុណ បដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែក ក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែក ទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ក្នុងនោះសម្ដេចធិបតី បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែប របស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍ លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួល បដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាល នឹងបន្តគាំទ្រចំពោះការរៀបចំ ព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត។

ក្នុងនោះដែរ លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតី អំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបាន ការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។

លោកអ្នកឧកញ៉ា បានគោរពថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន និង អាជ្ញាធរដែនដី ពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះ ឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូន សម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែក ដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគ ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក ៕

To Top