ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) និងលោកស្រី អាន អ៊ីដាល់ហ្គោ (Anne HIDALGO) អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុង ប្រេីប្រាស់ភាសាបារាំង បានប្តេជ្ញារួមគ្នា ក្នុងការពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ។
ការប្តេជ្ញា របស់ថ្នាក់ដឹកនាំអភិបាលក្រុងទាំងពីរនេះ ធ្វេីឡេីងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងអ្នកទាំងពីរនៅរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ។
យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឱ្យដឹងនៅព្រឹកថ្ងៃទី៣តុលា ២០២៤នេះថា ភាគីទាំងពីរ បានពិភាក្សាអំពីការអភិវឌ្ឍ និងការរីកចម្រើន នៃទីក្រុងរៀងៗខ្លួន ព្រមទាំងបញ្ហាប្រឈម ដែលមានលក្ខណៈដូចគ្នាមួយចំនួនរួមមាន ៖ បញ្ហាកកស្ទះចរាចរណ៍ និងបញ្ហាបរិស្ថាន។ល។
លោកស្រី អ្នកនាំពាក្យ បន្ថែមថា លោកស្រី អាន អ៊ីដេហ្គោ បានចែករំលែកអំពីបទពិសោធន៍ និងយន្តការមួយចំនួន ដែលទីក្រុងប៉ារីស កំពុងដោះស្រាយបញ្ហាប្រឈមរួមមាន៖ បញ្ហា ចរាចរណ៍ ទីក្រុងប៉ារីសបានជ្រើសរេីសយកការសាងសង់បន្ថែមនូវរថភ្លេីង លើដី (tramway) នៅព័ទ្ធជ៉ំវិញទីក្រុងប៉ារីស ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដែលធ្វើឱ្យកកស្ទះចរាចរណ៍ បំពុលបរិស្ថាន។
អ្នកនាំពាក្យបន្តថា ពាក់ព័ន្ធបញ្ហា បរិស្ថាន ការសម្អាតទន្លេសែន (la Seine) ឱ្យបានស្អាតគឺជាយន្តការចម្បងមួយក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការកើនឡើងកម្តៅនៅទីក្រុងប៉ារីស។
ជាមួយគ្នានេះ លោកស្រី អាន អ៊ីដេហ្គោ Anne HIDALGO អភិបាលទីក្រុងប៉ារីស បានលើកឡើងថា ទីក្រុងប៉ារីសបានកសាងនូវកន្លែងស្តុកទឹកភ្លៀងខ្នាតធំ ដើម្បីចៀសវាងការហូរចូលលាយឡំទឹកភ្លៀង និងទឹកស្អុយ នៅពេលមានធ្លាក់ភ្លៀងខ្លាំង។
ក្នុងជំនួបនេះផងដែរ លោកស្រីអភិបាលក្រុងប៉ារីស ក៏បានអញ្ជេីញលោក ឃួង ស្រេង និងគណៈប្រតិភូ ដេីម្បីអញ្ជើញ ទស្សនាផ្ទាល់ នៅស្ថានីយរថភ្លេីង Tramway ដែលទេីបតែសាងសង់រួច សម្រាប់ទទួលភ្ញៀវអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិចផងដែរ ហេីយ លោក អភិបាល ក៏បានឯកភាព លេីការអញ្ជើញនេះដែរ។
ជាមួយគ្នានេះ លោកស្រី អភិបាលក្រុងប៉ារីស ក៏បានបង្ហាញពីគម្រោង”ភូមិ១៥នាទី” នៅសង្កាត់ទី១៥ នៃទីក្រុងប៉ារីស ដែលជាភូមិដែលប្រជាពលរដ្ឋ ចំណាយពេលវេលាត្រឹមតែ១៥នាទីពីផ្ទះរបស់ខ្លួនទៅសាលារៀន តំបន់ពាណិជ្ជកម្ម មន្ទីរពេទ្យ កន្លែងវប្បធម៌ផ្សេងៗ ។
លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជាការឆ្លើយតបលោក ឃួង ស្រេង បានសម្តែងការចាប់អារម្មណ៍ ពីសារៈសំខាន់ នៃគម្រោងនេះ ហេីយលោកបានស្នេីសុំលោកស្រីអភិបាលក្រុងប៉ារីស ដេីម្បីយកគំរូនៃគម្រោងនេះ ទៅសាកល្បងអភិវឌ្ឍរាជធានីភ្នំពេញ ក្នុងការផ្តល់ភាព ងាយស្រួល ដល់ការរស់នៅនិងអាចមានសេវាគ្រប់គ្រាន់បម្រេីឱ្យជីវភាពរស់នៅ នប្រចាំរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញកាន់តែប្រសេីរឡេីងផងដែរ។
ជារួមភាគីទាំងពីរ បានបង្ហាញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌទីក្រុង និងទាំងក្នុងក្របខណ្ឌសមាគម AIMF ឲ្យ កាន់តែប្រសើរឡើង៕



















