ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តវិនិយោគិនអាមេរិក ឱ្យពិនិត្យលទ្ធភាព មកបណ្តាក់ទុនបន្ថែមទៀត នៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តវិនិយោគិន អាមេរិក ឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀត នៅកម្ពុជា ខណៈកម្ពុជា មានប្រជាពលរដ្ឋវ័យក្មេង ប្រកបដោយថាមពល ។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សា អំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាមេរិក ដើម្បីចែករំលែក អំពីព័ត៌មានសក្តានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា កាលពេលថ្មីៗនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាប ជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចការងារ នាឱកាសនេះ របស់គណៈប្រតិភូកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយស្ថានទូតសហរដ្ឋអាមេរិក, សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, ក្រសួងពាណិជ្ជកម្ម, និងវិស័យឯកជនជាច្រើនជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុដើម្បីទាក់ទាញ និងជំរុញវិនិយោគពី សហរដ្ឋអាម៉េរិក និងកាណាដាមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងវេទិកានាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តជូនវិនិយោគិនអាមេរិក ឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើទោះបីកម្ពុជាជាប្រទេសតូចមានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ក្ដី ប៉ុន្តែកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល ថាមវន្ត និងអាចបង្រៀនបានច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលនេះជាសក្តានុពលប្រជាសាស្ត្ររបស់កម្ពុជាជូនដល់វិនិយោគិន។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) ដែលមានប្រជាជនសរុបប្រមាណ២,៣ពាន់លាននាក់, ហើយក្រៅពីនោះកម្ពុជាក៏ បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរ ពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្តាប់កង្វល់នានា របស់វិនិយោគិន តាមរយៈការបន្តរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។

សូមជម្រាបជូនថា វេទិកាដែលរៀបចំ ដោយមជ្ឈមណ្ឌល សិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ របស់សហរដ្ឋអាម៉េរិក នេះ ជាវេទិកាដែលតែងតែអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា ថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកអំពីព័ត៌មាន និងទស្សនាទាន ទៅកាន់សាធារណជនទូទាំងសកលលោក។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងសុន្ទរកថានៅលើវេទិកានេះផងដែរ។ នេះគឺជាលើកទី២ហើយ ដែល លោកឧបនាយករដ្ឋមន្ត្រី អញ្ជើញផ្ដល់កិត្តិយសថ្លែង សុន្ទរកថា គន្លឹះក្នុងវេទិកា ដែលរៀបចំដោយមជ្ឈមណ្ឌល CSIS ដោយការចូលរួមលើកដំបូងកាលពីឆ្នាំ២០១៤កន្លងទៅ ដើម្បីចែករំលែកអំពីព័ត៌មាន សក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕

To Top