បាត់ដំបង ៖ លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ជាង២១ម៉ឺននាក់ បានមកទស្សនាកម្សាន្ត នៅតាមគោលដៅរមណីយដ្ឋាន នានាក្នុងខេត្តបាត់ដំបង ។
លោក ហម អរុណ ឱ្យដឹងបន្ថែមថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ សរុបមានចំនួន២១៦,១៧៩ នាក់ កើនឡើង ១.៥៩% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២១២,៧៨៦ នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ២១៥,៥៥៩ នាក់ កើនឡើង ១.៥២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២១២,៣២៩ នាក់។ភ្ញៀវអន្តរជាតិ ចំនួន ៦២០ នាក់ កើនឡើង ៣៥.៦៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៤៥៧ នាក់ ។
លោក ហម អរុណ ឱ្យដឹងទៀតថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ស្ថានភាពគោលដៅទេសចរណ៍ មានការរៀបចំ សណ្ដាប់ធ្នាប់បានល្អ ហើយតាមរមណីយដ្ឋាននានាទៀតសោត មានការគិតគូរលើសេវាកម្ម ការរក្សាតម្លៃម្ហូបអាហារ និងបដិសណ្ឋារកិច្ចជូនភ្ញៀវបានល្អ គ្មានបាតុភាពអ្វីកើតឡើង ដែលបង្កឱ្យមានភាពថ្នាំងថ្នាក់ សម្រាប់ភ្ញៀវទេសចរនោះទេ។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន ៖ រមណីយដ្ឋានទេសចរណ៍ ចំនួន២២កន្លែង សហគមន៍ទេសចរណ៍ និង អេកូទេស ចរណ៍ចំនួន៤កន្លែង តំបន់គោលដៅ ទេសចរណ៍ ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍ បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេស ចរណ៍ចំនួន៤កន្លែង ៕