ព័ត៌មានជាតិ

ទីចាត់ការ និងអង្គភាពមួយចំនួន ចំណុះសាលាខេត្តកណ្ដាល នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ជាបណ្តោះអាសន្ន

ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា ទីចាត់ការនិងអង្គភាព ចំណុះសាលាខេត្តមួយចំនួន នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌល គរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា អគារសាលាខេត្តបច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម មិនអាចជួយសម្រួល ដល់ការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ បានយូរអង្វែង រដ្ឋបាលខេត្តកណ្តាល នឹងចាប់ផ្តើមវាយអគារ សាលាខេត្តចាស់ចោល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ។

ដើម្បីឱ្យការសាងសង់ ទទួលបានជោគជ័យ តាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់ អគារសាលាខេត្តថ្មី ទីចាត់ការ គ្មានសាងសង់អគារសាលាខេត្តថ្មី ឆាប់ៗ នាពេលខាងមុខនេះ។

ដូចនេះ ទីចាត់ការនិងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរដូចខាងក្រោម ៖

១.ការបម្រើសេវារដ្ឋបាលទូទៅ និងសេវារដ្ឋបាល របស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋខេត្ត នៅបន្តបំពេញការងារជាប្រចាំ និងជាធម្មតា ជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងចាស់ដដែល។

២.ទីចាត់ការ អង្គភាពចំណុះសាលាខេត្តក្រៅពីនេះ នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

To Top