ភ្នំពេញ ៖ រដ្ឋបាលខេត្តកែប បានបង្ហាញលេខទូរសព្ទ ក្នុងករណី ដែលប្រជាពលរដ្ឋជួបប្រទះ នូវភាពមិនប្រក្រតីណាមួយ លើការផ្ដល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃម្ហូបអាហារ ។
លេខទូរសព្ទ ដែលរដ្ឋបាលខេត្តកែប បានបង្ហាញនោះ រួមមាន ៖ 012 821 411, 088 432 0034, 099 549 789។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-12-22-682x1024.jpg)
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា «ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បងប្អូនប្រជាពលរដ្ឋខេត្តកែប នូវការទទួលបដិសណ្ឋារកិច្ច ពិសេសភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា សម្រាកលម្ហែកម្សាន្តយ៉ាងច្រើនកុះករនៅខេត្តកែប ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ មានចំនួន ៧៩,៥៣៨ នាក់ កើនឡើង ២៦,១១% (១៦,៤៧២នាក់) បើប្រៀបធៀបនឹងឆ្នាំ២០២៣»។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-05_10-12-26-1-1024x529.jpg)
លោកអភិបាលខេត្ត បន្ដថា ទោះបីជាការខិតខំប្រឹងប្រែង ឲ្យល្អឥតខ្ចោះយ៉ាងណាក៏ដោយ ក៏អាចនៅមានចន្លោះប្រហោង និងភាពខ្វះខាតខ្លះៗផងដែរ ដូចជា រយៈពេលកន្លងមកនេះ មានការិះគន់ផ្សេងៗ និងបញ្ហាមួយចំនួនតូចពាក់ព័ន្ធ ទៅនឹងតម្លៃម្ហូបអាហារ នៅខេត្តកែប ។
រដ្ឋបាលខេត្ត ក៏ទទួលយក នូវរាល់មតិរិះគន់ក្នុងន័យស្ថាបនា របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដើម្បីជាមូលដ្ឋាន ក្នុងការកែលម្អ និងដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលជាបញ្ហាកង្វល់របស់បងប្អូន ហើយក៏ជាចំណុច ដែលរដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ជាប្រចាំ ឱ្យកាន់តែល្អប្រសើរ សំដៅធ្វើយ៉ាងណា ឱ្យខេត្តកែបកាន់តែមានភាពទាក់ទាញ និងខិតខំបង្កើន ការអភិវឌ្ឍ បន្ថែមនូវតំបន់សក្ដានុពល ទេសចរណ៍នានា សម្រាប់ទទួលស្វាគមន៍ ដំណើរកម្សាន្ត របស់ប្រជាពលរដ្ឋជាបន្តទៀត ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)