ភ្នំពេញ ៖ កម្ពុជា-អាមេរិក បានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ។
តបតាមការអញ្ជើញរបស់ លោកទីប្រឹក្សារងសន្តិសុខជាតិ ផ្នែកសេដ្ឋកិច្ចអន្តរជាតិ របស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិ ផ្នែកសេដ្ឋកិច្ចអន្តរជាតិ របស់សហរដ្ឋអាមេរិក នៅសេតវិមាន របស់ប្រធានាធិបតី អាមេរិក ។
លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាស នៃជំនួបជាមួយលោក Daleep Singh បានលេីកឡើង អំពីកិច្ចសហប្រតិបត្តិការ ជាផ្លែផ្ការវាងប្រទេសទាំងពីរ កន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់លទ្ធភាព ដល់ក្រុមហ៊ុនឯកជន របស់សហរដ្ឋអាមេរិក អាចមកបណ្តាក់ទុន វិនិយោគនៅកម្ពុជា បន្ថែមទៀត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី រួចរាល់ លោក Daleep Singh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ។
ភាគីទាំងពីរ បានបង្ហាញឆន្ទៈ នឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈសកម្មភាព ពាណិជ្ជកម្ម និងការវិនិយោគ ៕