ភ្នំពេញ ៖ នៅក្នុងឱកាស នៃការអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៤នេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ទិវាគ្រូបង្រៀន ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លា របស់គ្រូបង្រៀននៅទូទាំងប្រទេស ។ លើសពីនេះទិវាគ្រូបង្រៀននេះ ក៏សំដៅទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញ បេសកកម្ម របស់ខ្លួន ក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល នៅទូទាំងប្រទេសផងដែរ ។
ទន្ទឹមនេះ លោក កត្តា អ៊ន ក៏បានរំលេចផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន លោក ហេង សួរ ជារដ្ឋមន្ត្រី សូមថ្លែងការអរគុណ ដល់គ្រូបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈនៅទូទាំងប្រទេស ដែលបាននិងកំពុង ចូលរួមក្នុងបេសកកម្ម នៃការកសាងធនធានមនុស្ស នៅប្រទេសកម្ពុជា ដោយអស់ ពីកម្លាំងកាយចិត្ត និងស្មារតីទទួល ខុសត្រូវ ប្រៀបដូចជាមាតា បិតាទី២ តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជន សិស្សានុសិស្ស ទាំងអស់ឆ្ពោះ ទៅរកអនាគតមួយដ៏ភ្លឺស្វាង នាពេលអនាគត។ ជាពិសេសបន្តអប់រំយុវជន ដែលកំពុងសិក្សាជំនាញ ឱ្យយល់នូវអភិក្រម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យុវជន សិក្សាជំនាញត្រូវ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។
សម្រាប់លោករដ្ឋលេខាធិការ នៅក្នុងឱកាសអបអរសាទរ ទិវាគ្របង្រៀន នៅពេលនេះ សូមអំពាវនាវ និងលើកទឹកចិត្ត ឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងអស់ បន្តយកចិត្តទុកដាក់ បណ្តុះបណ្តាលយុវជន ដែលកំពុងសិក្សាជំនាញបច្ចេកទេស នៅទូទាំងប្រទេស លើជំនាញទន់ផងដែរ ដែលជាជំនាញផ្តោតសំខាន់ លើការអប់រំអាកប្បកិរិយា សីលធម៌ វិន័យ ធ្វើយ៉ាងណាឲ្យយុវជនក្លាយ ជាទំពាំងល្អនៅក្នុងសង្គម ជាមួយនិងជំនាញច្បាស់លាស់ នៅពេលពួកគេបញ្ចប់ការសិក្សា ។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា គ្រូបង្រៀនគឺជាភ្នាក់ងារ ដ៏សំខាន់ ក្នុងការលើកកម្ពស់ លទ្ធផលសិក្សា របស់សិស្ស ។ ក្នុងន័យនេះ លោករដ្ឋលេខាធិការ សូមលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញ បេសកកម្មក្នុងនាមជាអ្នកបណ្តុះបណ្តាល ត្រូវបន្តប្រឹងប្រែង ផ្តល់ចំណេះដឹងដល់សិស្ស បន្តការស្រាវជ្រាវអភិវឌ្ឍ ចំណេះជំនាញរបស់ខ្លួន ដើម្បីផ្ទេរចំណេះដឹងទាំងនោះដល់សិស្សឱ្យមានសមត្ថភាពដ៏ល្អប្រសើ ដើម្បីបំពេញការងារ និងចូលរួមក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាល។
សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា បើនិយាយពីការអប់រំ មិនសំដៅត្រឹមតែការអប់រំលើចំណេះដឹងទូទៅតែប៉ុណ្ណោះទេ ក៏ប៉ុន្តែក្តោបរួមទាំងការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ កំពុងតែអនុវត្តផងដែរ ។ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនេះ គឺមានសារសំខាន់ណាស់ ក្នុងការបណ្តុះយុវជនឱ្យមានជំនាញមួយច្បាស់លាស់ ចំណាយរយៈពេលតិច និង ងាយស្រួល ក្នុងការរកការងារធ្វើ ជាពិសេសនោះគឺការបង្កើតកម្លាំង ជំនាញនៅប្រទេសកម្ពុជា ឱ្យបានច្រើន ដើម្បីស្របទាញអ្នកវិនិយោគិនផ្នែកឧស្សាហកម្មធំៗឱ្យមករកសុីនៅកម្ពុជា ផងដែរ។
លោកបណ្ឌិតបានលើកឡើងថា ទិវាគ្រូបង្រៀនគឺមានសារសំខាន់ណាស់ នៅប្រទេសកម្ពុជា ពីព្រោះទិវារគ្រូបង្រៀន ប្រារព្ធធ្វើឡើង ដើម្បីបង្ហាញពីការយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើវិស័យអប់រំ និងបណ្តុះបណ្តាលនៅប្រទេសកម្ពុជា ដែលជាប្រទេសកំពុងត្រូវការចាំបាច់ នៅក្នុងការពង្រឹង និងពង្រីកវិស័យអប់រំ។
លោកបណ្ឌិតថា៖ «យើងចាំបាច់ធ្វើឱ្យបានផុសផុល ធ្វើឱ្យទូលំទូលាយ ដើម្បីលើកកម្ពស់ ដល់វិស័យអប់រំ ជាពិសេសលើក ទឹកចិត្ត ទៅដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងការអប់រំយុវជន សិស្សានុសិស្ស បង្កើតធនធានមនុស្ស នៅប្រទេសកម្ពុជា ដែលជាកត្តាលីករយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ពីព្រោះយុវជន ជាទំពាំងស្នងឬស្សី ដូច្នេះកាលណាយុវជន មានសមត្ថភាព មានការអប់រំល្អ ប្រជាជាតិនោះនឹងមានការ អភិវឌ្ឍលឿនរហ័ស»៕