ភ្នំពេញ ៖ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ បង្កលក្ខណៈងាយស្រួល កុំដំឡើង ថ្លៃសេវាកម្មចំពោះ អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខនេះ។
តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងទេសចរណ៍ ថ្មីៗនេះ បានប្រាប់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវា កម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត ថា នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡង បាក់ឌុប នៅទូទាំងប្រទេស។
ក្រសួង បន្ដថា អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡង ផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។
ក្រសួងទេសចរណ៍ គូសបញ្ជាក់ថា «សូមអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួល ថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ»។
ក្រសួងទេសចរណ៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវខាងលើ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕